លោក ឆាយ ឫទ្ធិសែន អញ្ជើញបិទសិក្ខាសាលាស្តីពី “ការចែករំលែកបទពិសោធន៍ក្នុងការរចនាប្លង់លម្អិត និងការត្រួតពិនិត្យគុណភាពការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ”
ភ្នំពេញ៖ នារសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលាស្តីពី “ការចែករំលែកបទពិសោធន៍ក្នុងការរចនាប្លង់លម្អិត និងការត្រួតពិនិត្យគុណភាពការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ” ។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តម ជ្រាយ ប៉ុម អគ្គនាយកបច្ចេកទេស បានឡើងរាយការណ៍ដោយសង្ខេបអំពីលទ្ធផលនៃសិក្ខាសាលាជូនអង្គពិធី ដោយបានបញ្ជាក់ជូនថា សិក្ខាសាលា ត្រូវបានរៀបចំឡើងរយៈពេល ០១ថ្ងៃ ដោយមានការធ្វើបទបង្ហាញនូវប្រធានបទសំខាន់ៗចំនួន ៣ រួមមាន៖ ទី១.ស្តីពី “បទពិសោធន៍ក្នុងការរចនាប្លង់លម្អិត និងការអនុវត្ត”, ទី២.ស្តីពី “ការពិនិត្យគុណភាពសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទក្រោមក្របខណ្ឌគម្រោងប្រើប្រាស់ថវិកាគាំទ្រពីដៃគូអភិវឌ្ឍន៍” និងទី៣.ស្តីពី “ការអនុវត្តកិច្ចសន្យា FIDIC” ព្រមទាំងមានការលើកឡើងជាសំនួរ ការពិភាក្សា និងចែករំលែកបទពិសោធន៍ល្អៗទៅលើបទបង្ហាញនីមួយៗប្រកបដោយន័យស្ថាបនាផងដែរ។

បន្ទាប់ពីបានស្ដាប់របាយការណ៍នៃសិក្ខាសាលារួចមក លោក ឆាយ ឫទ្ធិសែន បានថ្លែងអំណរគុណចំពោះ ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងអង្គសិក្ខាសាលាទាំងមូល ដែលបានលះបង់ពេលវេលាដ៏មានតម្លៃ ចូលរួមក្នុងសិក្ខាសាលាដ៏មានសារៈសំខាន់នេះ រហូតដល់ពិធីបិទបញ្ចប់ ព្រមទាំងបានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារ ដែលខិតខំរៀបចំសិក្ខាសាលា ក៏ដូចជាវាគ្មិន ដែលបានចំណាយកម្លាំងកាយ-ចិត្ត ចូលរួមធ្វើបទបង្ហាញ ចែករំលែកបទពិសោធន៍ទាក់ទងនឹង ការរចនាប្លង់ ការអនុវត្ត និងការត្រួតពិនិត្យគុណភាព ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ដើម្បីពង្រឹងគុណភាពនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងគមនាគមន៍ជនបទឱ្យកាន់តែមានប្រសិទ្ធភាព និងប្រកបដោយគុណភាព។

លោករដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា ផ្អែកតាមចក្ខុវិស័យ នៃគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍជនបទ ដែលកំណត់ថា “កសាងសង្គមជនបទឱ្យមានវិបុលភាពប្រកបដោយបរិយាបន្ន សមធម៌ និងចីរភាព ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌” ក្រសួងអភិវឌ្ឍន៍ជនបទ នៅតែបន្តយកចិត្តទុកដាក់ និងផ្តល់អាទិភាពខ្ពស់ លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនិងគមនាគមន៍ផ្លូវជនបទ ប្រកបដោយគុណភាព និងភាពធន់ ដែលជាបុរលក្ខខណ្ឌមិនអាចខ្វះបាន ដើម្បីបង្កើនការតភ្ជាប់និងធានាបាននូវការប្រើប្រាស់ ឱ្យបានយូរអង្វែង មានភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងជំរុញការធ្វើសមាហរណកម្មវិស័យសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌រវាងតំបន់ជនបទ និងទីក្រុង ផ្សារភ្ជាប់សកម្មភាពធុរកិច្ចផ្សេងៗ ឱ្យមានភាពរស់រវើកបន្ថែមទៀត ដែលនឹងចូលរួមចំណែក លើកកម្ពស់កម្រិតជីវភាពរស់នៅ របស់ប្រជាជននៅតំបន់ជនបទឱ្យកាន់តែ ប្រសើរឡើង។

ជាមួយគ្នានោះដែរ លោករដ្ឋមន្ដ្រី បានអនុសាសន៍សំខាន់ៗមួយចំនួន ជូនដល់អង្គសិក្ខាសាលា ដើម្បីយកទៅអនុវត្តលើការងារសាងសង់ ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ឱ្យមានគុណភាព និងភាពធន់ ក្នុងគោលបំណងបម្រើដល់សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនៅតំបន់ជនបទមានប្រសិទ្ធភាព និងចូលរួមចំណែកអភិវឌ្ឍតំបន់ជនបទ ឱ្យកាន់តែរីកចម្រើន ដែលជាការចូលរួមសម្រេចឱ្យនូវចក្ខុវិស័យ “កម្ពុជាជាប្រទេសមានប្រាក់ចំណូលខ្ពស់នាឆ្នាំ២០៥០” ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកប ដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ជាទីបញ្ចប់ លោករដ្ឋមន្ដ្រី បានអញ្ជើញផ្ដល់កិត្តិយសប្រគល់លិខិតថ្លែងអំណរគុណជូនវាគ្មិនកិត្តិយសដែលបានធ្វើបទបង្ហាញជូនអង្គសិក្ខាសាលា ក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាលយ៉ាងក្រៃលែង៕









