Feature

គំនិតផ្តួចផ្តើមសាកលរបស់ចិន ជាការ​ទ្រទ្រង់ដ៏សំខាន់​សម្រាប់ការកសាងសហគមន៍ជោគវាសនារួមសម្រាប់មនុស្សជាតិ

ខួបលើកទី១០៥ នៃការបង្កើតបក្សកុម្មុយនិស្តចិន (Communist Party of China – CPC) គឺជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់មួយដែលឆ្លុះបញ្ចាំងពីការអភិវឌ្ឍរបស់បក្សក្នុងរយៈពេលជាងមួយសតវត្សរ៍ និងការកើនឡើងនៃតួនាទីរបស់ប្រទេសចិននៅលើឆាកអន្តរជាតិ។ ពីបក្សដែលមានសមាជិកតែជាង ៥០ នាក់នៅឆ្នាំ១៩២១ CPC បានក្លាយជាបក្សកាន់អំណាចដែលមានសមាជិកជាង ១០០ លាននាក់ និងដឹកនាំប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេលំដាប់ទី២របស់ពិភពលោក។ ក្រោមការដឹកនាំរបស់អគ្គលេខាធិការ Xi Jinping ចាប់តាំងពីឆ្នាំ២០១២ ប្រទេសចិនបានបង្កើតក្របខណ្ឌទ្រឹស្តី និងគោលនយោបាយថ្មីសម្រាប់ការអភិវឌ្ឍជាតិ និងការចូលរួមក្នុងកិច្ចការអន្តរជាតិ។ ក្នុងចំណោមគំនិតសំខាន់ៗ គឺ គំនិត Xi Jinping ស្តីពីសង្គមនិយមដែលមានលក្ខណៈពិសេសរបស់ចិនសម្រាប់យុគសម័យថ្មី (Xi Jinping Thought on Socialism with Chinese Characteristics for a New Era) និង គំនិតកសាងសហគមន៍ជោគវាសនារួមសម្រាប់មនុស្សជាតិ (Community with a Shared Future for Mankind) ដែលជាមូលដ្ឋានគ្រឹះនៃគំនិតផ្តួចផ្តើមសកលជាច្រើនរបស់ប្រទេសចិន។

ការផ្ញើសារអបអរសាទរពីមេដឹកនាំ និងគណបក្សនយោបាយជាច្រើនជុំវិញពិភពលោក ក្នុងឱកាសខួប១០៥ឆ្នាំនេះ បង្ហាញថា ប្រទេស និងអង្គការមួយចំនួនបានទទួលស្គាល់តួនាទីរបស់ CPC ក្នុងការជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ ខណៈដែលទស្សនៈ និងគោលនយោបាយទាំងនេះក៏បន្តជាប្រធានបទនៃការពិភាក្សា និងការវាយតម្លៃក្នុងសហគមន៍អន្តរជាតិផងដែរ។ បើយើងក្រឡេកមើលនៅក្នុងសមាជលើកទី១៩ នៃ CPC ឆ្នាំ២០១៧ គំនិតរបស់លោក Xi Jinping ត្រូវបានបញ្ចូលក្នុងធម្មនុញ្ញបក្ស ហើយនៅឆ្នាំ២០១៨ ត្រូវបានបញ្ចូលក្នុងរដ្ឋធម្មនុញ្ញចិន។ គំនិតនេះត្រូវបានចាត់ទុកជាទ្រឹស្តីដឹកនាំសំខាន់មួយសម្រាប់ការអភិវឌ្ឍរបស់ប្រទេសចិនក្នុងយុគសម័យថ្មី។ បើប្រៀបធៀបនឹងគំរូអភិវឌ្ឍដែលផ្តោតលើការប្រកួតប្រជែងសេរី គំនិតនេះសង្កត់ធ្ងន់លើតួនាទីរបស់រដ្ឋក្នុងការរៀបចំផែនការអភិវឌ្ឍ ការកាត់បន្ថយភាពក្រីក្រ ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងការពង្រឹងសមត្ថភាពបច្ចេកវិទ្យាជាតិ។ គំនិត “សហគមន៍ជោគវាសនារួមសម្រាប់មនុស្សជាតិ” ត្រូវបានលោក Xi Jinping លើកឡើងជាបន្តបន្ទាប់ចាប់ពីឆ្នាំ២០១៣ និងបានក្លាយជាគោលគំនិតស្នូលនៃការទូតរបស់ប្រទេសចិន។ ទស្សនៈនេះផ្អែកលើការយល់ឃើញថា នៅក្នុងយុគសម័យសាកលភាវូបនីយកម្ម ប្រទេសនានាមានការពឹងផ្អែកគ្នាទៅវិញទៅមកកាន់តែខ្លាំង ដើម្បីដោះ​ស្រាយបញ្ហាប្រឈមដូចជា ការប្រែប្រួលអាកាសធាតុ ជំងឺរាតត្បាត សន្តិសុខស្បៀង ថាមពល ភេរវកម្ម និងបច្ចេកវិទ្យាថ្មី ដែលមិនអាចដោះស្រាយដោយប្រទេសណាមួយតែម្នាក់ឯងបានទេ។ ទស្សនៈនេះមានការតភ្ជាប់យ៉ាងជិតស្និទ្ធជាមួយគោលការណ៍ និងគោលបំណងនៃធម្មនុញ្ញអង្គការសហប្រជាជាតិ ដូចជាការរក្សាសន្តិភាព ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ 

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ លោក Xi Jinping បានដាក់ចេញគំនិតផ្តួចផ្តើមសកលចំនួនបួន ដែលត្រូវបានចិនចាត់ទុកថាជាក្របខណ្ឌគោលនយោបាយសម្រាប់ការឆ្លើយតបនឹងបញ្ហាសកល រួមមានគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សាកល គំនិតផ្តួចផ្តើមសន្តិសុខសាកល គំនិតផ្តួចផ្តើមអរិយធម៌សាកល និង គំនិតផ្តួចផ្តើមអភិបាលបញ្ហាសិប្បនិម្មិតសាកល ដែលតាមទស្សនៈរបស់ចិន គំនិតផ្តួចផ្តើមទាំងនេះមានគោលបំណងបំពេញបន្ថែមដល់ស្ថាប័នពហុភាគីដែលមានស្រាប់ និងជំរុញការសម្របសម្រួលលើបញ្ហាសកល។ 

តាមរយៈគំនិតផ្តួចផ្តើមសាកលទាំងអស់នេះ ប្រទេសចិនចិន ត្រូវបានគេមើលឃើញថា ជាអ្នកចូលរួមយ៉ាងសកម្មក្នុងការកែលម្អប្រព័ន្ធអភិបាលកិច្ចសកល ក៏ដូចជាការរួមចំណែកដែលត្រូវបានលើកឡើងជាញឹកញាប់រួមមានការគាំទ្រពហុភាគីនិយម និងតួនាទីរបស់អង្គការសហប្រជាជាតិ ការរួមចំណែកក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ការគាំទ្រការអនុវត្តរបៀបវារៈអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០ ការពង្រឹងកិច្ចសហប្រតិបត្តិការខាងត្បូង-ខាងត្បូង (South-South Cooperation) និង ការជំរុញការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធតាមរយៈគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (Belt and Road Initiative)។ ​អង្គការសហប្រជាជាតិ និងទីភ្នាក់ងារមួយចំនួនរបស់ខ្លួនក៏បានសហការជាមួយចិនលើវិស័យដូចជា ការកាត់បន្ថយភាពក្រីក្រ ការអភិវឌ្ឍបៃតង សុខាភិបាល និងការប្រែប្រួលអាកាសធាតុ។ 

សម្រាប់កម្ពុជា គំនិតផ្តួចផ្តើមសកលរបស់លោក Xi Jinping អាចបង្កើតឱកាសក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ចឌីជីថល កសិកម្មទំនើប ការអប់រំ សុខាភិបាល និងការអភិវឌ្ឍបៃតង។ ការតម្រឹមគម្រោងសហប្រតិបត្តិការជាមួយគោលដៅអភិវឌ្ឍន៍ជាតិ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) អាចជួយបង្កើនប្រសិទ្ធភាពនៃការអភិវឌ្ឍ និងពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់ប្រទេស។

ខួបលើកទី១០៥ នៃការបង្កើតបក្សកុម្មុយនិស្តចិន ជាឱកាសមួយបង្ហាញឱ្យពិភពលោកអាចវាយតម្លៃពីតួនាទីរបស់ CPC ក្នុងការអភិវឌ្ឍប្រទេសចិន និងការចូលរួមក្នុងកិច្ចការអន្តរជាតិ។ គំនិតរបស់លោក Xi Jinping ស្តីពីសង្គមនិយមដែលមានលក្ខណៈពិសេសរបស់ចិនសម្រាប់យុគសម័យថ្មី សហគមន៍ជោគវាសនារួមសម្រាប់មនុស្សជាតិ និងគំនិតផ្តួចផ្តើមសកលទាំងបួន បង្កើតបានជាក្របខណ្ឌទស្សនៈដែលចិនលើកឡើងសម្រាប់ការលើកកម្ពស់សន្តិភាព ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ៕

ដោយ បណ្ឌិត គី សេរីវឌ្ឍន៍ប្រធាន​វិទ្យាស្ថាន​សិក្សា​ចិន​ ​​នៃ​​រាជបណ្ឌិត្យ​​សភា​កម្ពុជា

To Top