ឥណ្ឌូនេស៊ី នឹងធ្វើជាម្ចាស់ផ្ទះនៃវេទិកាសេដ្ឋកិច្ចអាស៊ានបៃតង នៅចុងសប្ដាហ៍នេះ
ហ្សាកាតា៖ ឥណ្ឌូនេស៊ីនឹងធ្វើជាម្ចាស់ផ្ទះនៃវេទិកាសេដ្ឋកិច្ចបៃតងអន្តរជាតិមួយនៅក្នុងស្រុក Banyuwangi ខេត្ត East Java ចាប់ពីថ្ងៃសុក្រដល់ថ្ងៃសៅរ៍ ដោយនាំមកជួបជុំគ្នានូវរដ្ឋសមាជិកអាស៊ាន និងប្រទេសដៃគូ ដើម្បីផ្លាស់ប្តូរការអនុវត្តល្អបំផុតលើការអភិវឌ្ឍប្រកបដោយចីរភាពដោយផ្អែកលើមហាសមុទ្រ។
វេទិកាសេដ្ឋកិច្ចបៃតង ASEAN-ID នឹងត្រូវបានរៀបចំរួមគ្នាដោយក្រសួងការបរទេស កិច្ចការសមុទ្រ និងនេសាទរបស់ប្រទេសឥណ្ឌូនេស៊ី សហការជាមួយក្រសួងការបរទេស និងពាណិជ្ជកម្មរបស់ប្រទេសនូវែលសេឡង់។
លោកស្រី Adhyanti Sardanarini Wirajuda មន្ត្រីក្រសួងការបរទេសឥណ្ឌូនេស៊ី បានឧ្យដឹងថា ស្រុក Banyuwangi ត្រូវបានជ្រើសរើសដោយសារតែភាពជោគជ័យរបស់ខ្លួនក្នុងការរួមបញ្ចូលការអភិរក្សសមុទ្រជាមួយនឹងការនេសាទ ទេសចរណ៍ អាជីវកម្មខ្នាតតូច និងការផ្តល់អំណាចដល់សហគមន៍។
លោកស្រីបានលេីកឡេីងថា ស្រុកនេះផ្តល់នូវគំរូអភិវឌ្ឍន៍មួយ ដែលឥណ្ឌូនេស៊ីសង្ឃឹមថានឹងចែករំលែកជាមួយប្រទេសចូលរួមផ្សេងទៀត។
វេទិកានេះត្រូវបានគេរំពឹងថា នឹងទាក់ទាញតំណាងមកពីរដ្ឋជាសមាជិកអាស៊ាន ប្រទេសដែលចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា និងសមាជិកនៃវេទិកាកោះប៉ាស៊ីហ្វិក ជាមួយនឹងការពិភាក្សា ដែលមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់លើសេដ្ឋកិច្ចពណ៌ខៀវ និងការគ្រប់គ្រងធនធានសមុទ្រប្រកបដោយចីរភាព៕
ប្រែសម្រួល ឈូក បូរ៉ា









