Feature

លោក ទេព អស្នារិទ្ធ ៖ បណ្តាញសង្គម Facebook និង TikTok មិនមែនជាប្រភេទប្រព័ន្ធផ្សព្វផ្សាយផ្លូវការ

ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងព័ត៌មានលោក ទេព អស្នារិទ្ធ បានថ្លែងថា បណ្តាញសង្គម Facebook និង TikTok មិនមែនជាប្រភេទប្រព័ន្ធផ្សព្វផ្សាយផ្លូវការ នៅកម្ពុជាឡើយ ។ ផ្ទុយទៅវិញ ស្ថាប័នសារព័ត៌មាន ផ្លូវការនីមួយៗ សុទ្ធតែមានយន្តការត្រួតពិនិត្យ ផ្ទៀងផ្ទាត់ខ្លឹមសារ និងការទទួលខុសត្រូវខ្ពស់ មុននឹងផ្សព្វផ្សាយព័ត៌មាន ជូនសាធារណជន។

ក្នុងពិធីផ្សព្វផ្សាយយុទ្ធនាការ “និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ” ជំហានទី២ នៅវិទ្យាល័យប៊ុនរ៉ានី ហ៊ុនសែនចរិយាវង្ស ក្រុងកែប អ្នកនាំពាក្យក្រសួងព័ត៌មាន បានលើកឡើងថា បណ្តាញសង្គម Facebook និង TikTok គឺជាវេទិកា ដែលសាធារណជនអាចបង្កើតឡើងបានយ៉ាងងាយស្រួល ដើម្បីបម្រើដល់ការកម្សាន្ត ការធ្វើអាជីវកម្ម ការផ្សព្វផ្សាយផលិតផល និងការចែករំលែកព័ត៌មានផ្សេងៗ ។ មួយវិញទៀត ការប្រើប្រាស់បណ្តាញសង្គមនេះ ដោយខ្វះការពិចារណា អាចបង្កជាភាពវឹកវរ និងប៉ះពាល់ដល់សន្តិសុខ សង្គមយ៉ាងធ្ងន់ធ្ងរ។

លោកបញ្ជាក់ថា “Facebook និង TikTokនេះ អ្នកណាក៏បង្កើតបានដែរ។ ឥឡូវប្រជាពលរដ្ឋរបស់យើងមានជាង១៧ លាននាក់ ក្នុងហ្នឹងមានអ្នកប្រើប្រាស់បណ្ដាញ ទំនាក់ទំនងសង្គមសកម្មជាង១៥ លាននាក់ ។ អ៊ីចឹងសរុបទាំងអស់ជាង១៥លាន ហើយក្នុងហ្នឹងប្រជាពលរដ្ឋវ័យក្មេង របស់យើងដែលជាយុវសិស្ស ដែលកំពុងតែ នៅក្នុងវ័យសិក្សានេះ៥៩% គឺប្រើហ្វេសប៊ុក ហើយប្រមាណជា ៣៥% គឺកំពុងតែសកម្ម នៅលើបណ្ដាញសង្គមទីកតុក។ ឃើញទេ? ឥឡូវសួរថា អ្នកដែលមានគណនី និងអ្នកប្រើបណ្តាញទំនាក់ទំនងសង្គម មានដូជា Facebook និង TikTok ហ្នឹងសុទ្ធសឹងតែជាអ្នកបានរៀនសូត្រ ឬទទួលការបណ្តុះបណ្តាលផ្នែកសារព័ត៌មានទេ? ចម្លើយ គឺថា មិនមានទេ ! ។ លើកលែងតែ គណនី ឬក៏ផេកផ្លូវការរបស់ក្រសួងស្ថាប័ន ឬ បុគ្គល និងក្រុមមានវិជ្ជាជីវៈ ត្រឹមត្រូវប៉ុណ្ណោះ។ អ៊ីចឹងបណ្ដាញទំនាក់ទំនងសង្គម អ្នកណាក៏អាចបង្កើតបានដែរ ។ ហើយផ្សាយទាំងព័ត៌មានល្អ និងមិនល្អលាយឡំគ្នា ដោយពុំមានការពិនិត្យ ផ្ទៀងផ្ទាត់ខ្លឹមសារ មាតិកា ឬរូបភាពហ្នឹងមុនបញ្ចេញទេ” ។

លោកបន្តទៀតថា ចំពោះប្រព័ន្ធផ្សព្វផ្សាយផ្លូវការវិញ មានការផ្ទៀងផ្ទាត់ព័ត៌មានយ៉ាងម៉ត់ចត់ ។ មុននឹងព័ត៌មានមួយត្រូវ បានផ្សព្វផ្សាយ ត្រូវឆ្លងកាត់ការត្រួតពិនិត្យពីនិពន្ធនាយក ដើម្បីធានាថាព័ត៌មាន នោះមានប្រភពច្បាស់លាស់ ត្រឹមត្រូវតាមក្រមសីលធម៌វិជ្ជាជីវៈ និងមិនមានការញុះញង់ ។ ប្រព័ន្ធផ្សព្វផ្សាយផ្លូវការនេះ គេផ្តោតសំខាន់លើគុណភាព និងភាពត្រឹមត្រូវជាងល្បឿន ។ ទោះបីជាមានការអភិវឌ្ឍទៅជាព័ត៌មាន តាមអនឡាញដែលលឿន ជាងមុនក៏ដោយ ប៉ុន្តែនៅតែត្រូវចំណាយ ពេលផ្ទៀងផ្ទាត់ប្រភពយ៉ាងត្រឹមត្រូវ ៕

To Top