ព័ត៌មានជាតិ

សម្តេចធិបតី ស្វាគមន៍ក្រុមហ៊ុន CHINALCO ចង់ស្វែងរកការវិនិយោគនៅកម្ពុជា

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានបង្ហាញការស្វាគមន៍ចំពោះ CHINALCOរបស់ប្រទេសចិនដែលមានបំណងស្វែងការវិនិយោគនៅកម្ពុជា លើវិស័យអាទិភាពមួយចំនួន ។

ក្នុងឱកាសសម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យចូលជួបសម្ដែងការគួរសម ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចការងារ និងចូលរួមសន្និសីទពិភពលោកស្តីពីបញ្ញាសិប្បនិម្មិត នៅចិន នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ លោក Wang Shilei ប្រធានក្រុមហ៊ុន CHINALCO បានលើកឡើងអំពីដំណើរការអាជីវកម្មរបស់ក្រុមហ៊ុន ដែលជាសហគ្រាសឈានមុខមួយនៅក្នុងប្រទេសចិន ដែលមានប្រតិបត្តិការអាជីវកម្មលើឧស្សាហកម្មធនធានរ៉ែ, ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងតំបន់សេដ្ឋកិច្ចពិសេស និងការសាងសង់ផ្លូវដែក ។

ជាមួយគ្នានោះដែរ, ប្រធានក្រុមហ៊ុនក៏បានលើកឡើងពីវឌ្ឍនភាពនៃគម្រោងមួយចំនួនរបស់ក្រុមហ៊ុននៅកម្ពុជា ដែលក្នុងនោះក្រុមហ៊ុនបានសិក្សាសមិទ្ធិលទ្ធភាពលើវិស័យផលិតដែក និងវិស័យធនធានរ៉ែ។ ផ្អែកលើមូលដ្ឋាននេះ, ក្រុមហ៊ុន CHINALCO បានបង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកកាលានុវត្តភាពវិនិយោគបន្ថែមលើវិស័យទាំងនេះ នៅកម្ពុជា។

ជាការឆ្លើយតប សម្ដេចធិបតីបានសម្ដែងការអបអរសាទរចំពោះភាពជោគជ័យនៃប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន។ សម្ដេចធិបតីបានស្វាគមន៍ចំពោះគោលបំណងរបស់ក្រុមហ៊ុន ក្នុងការស្វែងរកកាលានុវត្តភាពវិនិយោគលើវិស័យសក្ដានុពលនានានៅកម្ពុជា ដូចជា ៖ វិស័យហេដ្ឋារចនាសម្ព័ន្ធ , ការសាងសង់ផ្លូវដែក និងធនធានរ៉ែ ។ សម្ដេចនាយករដ្ឋមន្ត្រីគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាតែងតែស្វាគមន៍ និងត្រៀមខ្លួនផ្ដល់ការគាំទ្រជានិច្ចដល់គ្រប់ក្រុមហ៊ុនវិនិយោគ ដើម្បីធានាបានភាពជោគជ័យនៅកម្ពុជា៕

To Top