ប្រធានក្រុមហ៊ុន CMEC ៖ កម្ពុជាមានស្ថិរភាពនយោបាយ ដែលផ្តល់ទំនុកចិត្តសម្រាប់ការបណ្តាក់ទុន
ភ្នំពេញ ៖ ប្រធានក្រុមហ៊ុន CMEC បានថ្លែងថា កម្ពុជាគឺជាប្រទេសដែលមានស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ដែលផ្ដល់នូវទំនុកចិត្តខ្ពស់សម្រាប់ក្រុមហ៊ុនក្នុងការបណ្ដាក់ទុនវិនិយោគ។
ការលើកឡើងរបស់ លោក Fang Yanshui ប្រធានក្រុមហ៊ុន China Machinery Engineering Corporation Group (CMEC) ក្នុងឱកាស សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យចូលជួបសម្តែងការគួរសមនារសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦។
ក្នុងឱកាសនៃជំនួប, លោកប្រធានក្រុមហ៊ុនគូសបញ្ជាក់ថា កម្ពុជាគឺជាប្រទេសដែលមានស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ដែលកត្តានេះគឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំ ធ្វើឱ្យក្រុមហ៊ុនមានភាពកក់ក្ដៅ និងទំនុកចិត្តខ្ពស់ក្នុងការបណ្ដាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា។
ទន្ទឹមនឹងនេះ, ប្រធានក្រុមហ៊ុនក៏បានគោរពជម្រាបជូនសម្ដេចធិបតីអំពីវឌ្ឍនភាពនៃដំណើរការអាជីវកម្មរបស់ក្រុមហ៊ុនដែលបានចាប់ផ្ដើមបោះទុនវិនិយោគនៅកម្ពុជា តាំងពីឆ្នាំ២០០៨ ដោយផ្ដោតសំខាន់លើវិស័យថាមពល និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។ បច្ចុប្បន្ន ក្រុមហ៊ុនកំពុងមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយដៃគូក្នុងស្រុក ក្នុងការសាងសង់រោងចក្រថាមពលដើរដោយឧស្ម័នធម្មជាតិរាវ (LNG) នៅខេត្តកោះកុង។
ប្រធានក្រុមហ៊ុនសម្ដែងភាពរីករាយដែលបានរួមចំណែកដល់ការអភិវឌ្ឍវិស័យថាមពលនៅកម្ពុជា ដើម្បីធានាបាននូវសន្តិសុខ និងឯករាជ្យភាពផ្នែកថាមពលរបស់កម្ពុជា នាពេលអនាគត ។ បន្ថែមលើនេះ, ប្រធានក្រុមហ៊ុនក៏បានជម្រាបសម្ដេចធិបតីអំពីបំណងក្នុងការស្វែងរកកាលានុវត្តភាព ដើម្បីពង្រីកការវិនិយោគបន្ថែមទៀតលើវិស័យ ថាមពល និងវិស័យកសិកម្ម។ ប្រធានក្រុមហ៊ុនបញ្ជាក់ថា ក្រុមហ៊ុនកំពុងផ្សារភ្ជាប់ទំនាក់ទំនងជាមួយបណ្ដាក្រុមហ៊ុនជាច្រើននៅក្នុងប្រទេសចិន ដើម្បីកៀរគរក្រុមហ៊ុនទាំងនោះមកស្វែងរកឱកាសវិនិយោគលើវិស័យសក្ដានុពលនានា នៅក្នុងប្រទេសកម្ពុជាផងដែរ។
ជាការឆ្លើយតប, សម្ដេចធិបតីអបអរសាទរចំពោះភាពជោគជ័យនៃប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុននៅតាមបណ្ដាប្រទេសនានា ក៏ដូចជាភាពជោគជ័យនៃការវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា។ សម្ដេចធិបតី ពេញចិត្តចំពោះកិច្ចសហការរវាងក្រុមហ៊ុន ជាមួយដៃគូក្នុងស្រុក ក្នុងការវិនិយោគលើវិស័យថាមពល LNG នេះ។
សម្ដេចធិបតីគូសបញ្ជាក់បន្ថែមថា វិស័យថាមពល ជាវិស័យគន្លឹះដ៏មានសារៈសំខាន់ ហើយការធានាឱ្យបាននូវសន្តិសុខថាមពល ជាកិច្ចការចាំបាច់ដែលមិនអាចខ្វះបាន។ សម្ដេចធិបតីសង្កត់ធ្ងន់ថា ការវិនិយោគលើវិស័យថាមពលនៅកម្ពុជា មិនត្រឹមតែសម្រាប់ឆ្លើយតបនឹងតម្រូវការផ្គត់ផ្គង់នៅក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែក៏អាចឈានទៅដល់ការផ្គត់ផ្គង់ទៅកាន់បណ្ដាប្រទេសសមាជិកអាស៊ានផងដែរ តាមរយៈគោលនយោបាយបណ្ដាញអគ្គិសនីអាស៊ាន ៕












