ព័ត៌មានជាតិ

សម្តេចធិបតី ៖ ក្រុមហ៊ុន Shandong រួមចំណែកយ៉ាងសកម្មកសាង និងអភិវឌ្ឍន៍កម្ពុជា

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍ថា ក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone បានចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាង និងអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា ។

ក្នុងឱកាសសម្តេចធិបតី អនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម នារសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ តំណាងក្រុមហ៊ុន Shandong បានលើកឡើងអំពីវឌ្ឍនភាពនៃដំណើរការអាជីវកម្មរបស់ខ្លួននៅកម្ពុជា ដែលបានចាប់ផ្តើមបោះទុនវិនិយោគតាំងពីឆ្នាំ២០១២ លើវិស័យកសិកម្ម ដោយផ្តោតលើការដាំដុះស្វាយចន្ទី និងការអភិវឌ្ឍសួនឧស្សាហកម្ម ព្រមទាំងបានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តចូលរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជានៅក្នុងយុគសម័យថ្មី។ តំណាងក្រុមហ៊ុន ក៏បានគោរពជម្រាបជូនអំពីបំណងរបស់ក្រុមហ៊ុនក្នុងការពង្រីកការវិនិយោគបន្ថែមលើវិស័យដែលមានសក្តានុពល ពិសេសវិស័យថាមពលកកើតឡើងវិញ។

ជាការឆ្លើយតប, សម្តេចធិបតី វាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន Shandong ដែលជឿជាក់ និងបោះទុនវិនិយោគនៅកម្ពុជា ព្រមទាំងបានរួមចំណែកយ៉ាងសកម្មក្នុងការកសាង និងអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជានាពេលកន្លងមក។ បន្ថែមលើនេះ, សម្តេចធិបតី ស្វាគមន៍យ៉ាងកក់ក្តៅចំពោះបំណងពង្រីកការវិនិយោគរបស់ក្រុមហ៊ុន និងបានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តផ្សារភ្ជាប់ទំនាក់ទំនង ព្រមទាំងពិភាក្សាជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីប្រែក្លាយឱកាសវិនិយោគទាំងនោះឱ្យលេចចេញជាផ្លែផ្កាជាក់ស្តែង។

សម្តេចធិបតី ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនពិចារណាពង្រីកការវិនិយោគលើវិស័យកសិកម្ម និងកសិ-ឧស្សាហកម្មនៅតំបន់ភូមិភាគឦសាននៃប្រទេសកម្ពុជា ដោយមើលឃើញពីបទពិសោធ និងឧត្តមភាពរបស់ក្រុមហ៊ុនលើការដាំដុះស្វាយចន្ទី។ ជាមួយគ្នានេះ, សម្តេចធិបតី ក៏បានបញ្ជាក់បន្ថែមអំពីគោលនយោបាយគាំទ្រ និងលើកទឹកចិត្តយ៉ាងទូលំទូលាយពីរាជរដ្ឋាភិបាល សម្រាប់រាល់ការវិនិយោគលើវិស័យកសិកម្ម និងកសិ-ឧស្សាហកម្មនៅក្នុងតំបន់ភូមិភាគឦសាននេះផងដែរ៕

To Top