ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន អះអាងថា បានកំទេចយន្តហោះ ទម្លាក់គ្រាប់បែកខ្នាតធំ Tu-95 strategic bomberរបស់រុស្សី

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ទីភ្នាក់ងារសន្តិសុខអ៊ុយក្រែន ឬSSUបាននិយាយកាលពីថ្ងៃសុក្រថា ខ្លួនបានបំផ្លាញយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ Tu-95 នៅឯអាកាសយានដ្ឋានយោធា Engels របស់រុស្ស៊ី ក្នុងតំបន់
Saratov ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើ Telegram SSU បាននិយាយថា យន្តហោះនេះត្រូវបានប្រើប្រាស់ ដោយប្រទេសរុស្ស៊ីក្នុង
ការវាយប្រហារប្រឆាំងនឹងអ៊ុយក្រែន ហើយត្រូវបានវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករយៈចម្ងាយឆ្ងាយរបស់អ៊ុយក្រែនក្នុង អំឡុងពេលប្រតិបត្តិការពិសេសមួយ ។

ទីភ្នាក់ងារនេះបាននិយាយថា យន្តហោះគ្មានមនុស្សបើកបានធ្វើដំណើរប្រហែល៨០០គីឡូម៉ែត្រ ដើម្បីទៅដល់គោលដៅ ដោយបន្ថែមថា ព័ត៌មានបឋមបង្ហាញថា យន្តហោះបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយផ្នែកកន្ទុយរបស់វាបានរហែកទាំងស្រុង។

យ៉ាងណាក្តីមកដល់ពេលនេះប្រទេសរុស្ស៊ី​ នៅ​មិន​ទាន់​ចេញ​ការ​អត្ថាធិប្បាយ​ជា​ផ្លូវ​ការ​លើ​ការ​អះអាង​នេះ​ទេ៕

ប្រែសម្រួល៖ស៊ុនលី

To Top