ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា ជឿជាក់ថាជំនួប រវាងប្រធានាធិបតីបារាំង និងសម្ដេចធិបតី នៅខែវិច្ឆិកាខាងមុខ នឹងធ្វើឱ្យទំនាក់ទំនង ប្រទេសទាំងពីរ កាន់តែល្អប្រសើរ
ភ្នំពេញ៖ លោក អូលីវិយេ រីស្ហា ឯកអគ្គរដ្ឋទូតបារាំង ប្រចាំកម្ពុជា ជឿជាក់ថា ជំនួបរវាងប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅខែវិច្ឆិកាឆ្នាំ២០២៦ខាងមុខនេះ នឹងធ្វើឱ្យទំនាក់ទំនង កិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ កាន់តែល្អប្រសើរមួយកម្រិតថែមទៀត ខណៈដែលប្រទេសកម្ពុជា មានការអភិវឌ្ឍរីកចំរើនលើគ្រប់វិស័យ ។

ការលើកឡើងបែបនេះរបស់ លោក អូលីវិយេ រីស្ហា បានធ្វើឡើងក្នុងឱកាសជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦។
ក្នុងជំនួបនេះលោក អូលីវិយេ រីស្ហា បានរំលឹកថា កាលពី៣០ឆ្នាំមុន បានមករាជធានីភ្នំពេញម្តង បើប្រៀបធៀបរាជធានីភ្នំពេញ កាលពី៣០ឆ្នាំមុន និងពេលនេះ គឺខុសគ្នាខ្លាំងណាស់ រាជធានីភ្នំពេញ មានការផ្លាស់ប្តូរខ្លាំងនិងទំនើប។ បារាំងបានជួយកម្ពុជាច្រើន ដូចជា៖ វិស័យទឹកស្អាត អគ្គីសនី និងវិស័យផ្សេងទៀត។

លោកអគ្គរដ្ឋទូត ក៏បានបន្តទៀតថា បារាំងនឹងនៅតែបន្តសហការ ជាមួយរដ្ឋបាលរាជធានីភ្នំពេញ ជាពិសេស តាមរយៈទីភ្នាក់ងារ បារាំងសម្រាប់អភិវឌ្ឍន៍ AFD ប្រចាំប្រទេសកម្ពុជា ដែលបាននិងកំពុងពិភាក្សាលើបញ្ហាគ្រប់ទ្រងទឹកកខ្វក់ នៅភាគខាងជើងរាជធានីភ្នំពេញ ហើយបើទោះជាពេលនេះមិនទាន់ធ្វើកិច្ចសន្យាអ្វីបាន ប៉ុន្តែនឹងមានMoUមួយ មុននឹងប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង មកធ្វើដំណើរទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសកម្ពុជា នៅខែវិច្ឆិកាឆ្នាំ២០២៦ខាងមុខ ។

សម្រាប់ជំនួបនេះ លោក ឃួង ស្រេង បានលើកឡើង ពីស្ថានភាពទូទៅរបស់រាជធានីភ្នំពេញ ពិសេសការរីកចំរើន របស់រាជធានីភ្នំពេញ លើគ្រប់វិស័យ នាប៉ុន្មានឆ្នាំចុងក្រោយនេះ។

លោក ឃួង ស្រេង បានគូសបញ្ជាក់ថា ៣០ឆ្នាំកន្លងមកនេះ បារាំងបានជួយរាជធានីភ្នំពេញច្រើន ទាំងបញ្ហាទឹកស្អាត អគ្គិសនីនិងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត។បន្ថែមពីនេះបារាំងក៏បានជួយជ្រោមជ្រែងយ៉ាងខ្លាំង ក្នុងការនាំយកសន្តិភាពមកឱ្យកម្ពុជា តាមរយៈកិច្ចចរចារ សន្តិភាពនៅទីក្រុងប៉ារីស។

ជាមួយគ្នានេះដែរ លោកអភិបាល បានប្រាប់ឯកអគ្គរដ្ឋទូតថា ចំពោះកិច្ចការពារសន្តិសុខ សុវត្ថិភាព ក្នុងដំណើរការរៀបចំកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី ជាពិសេសសម្រាប់ឯប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង នៅខែវិច្ឆិកាឆ្នាំ២០២៦ខាងមុខ គឺរដ្ឋបាលរាជធានីភ្នំពេញបានត្រៀមរួចរាល់ហើយ៕











