Feature

លោក ឃួន ផុនរតនៈ ៖ កិច្ចប្រជុំ កិច្ចសហប្រតិបត្តិការបេតិកភណ្ឌវប្បធម៌អាស៊ាន-កូរ៉េមានសារៈសំខាន់សម្រាប់កម្ពុជា

ភ្នំពេញ ៖ ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េលោក ឃួន ផុនរតនៈ បានលើកឡើងថា កិច្ចប្រជុំគណៈកម្មាធិការ ការងារលើកទី៨ ស្តីពីកិច្ចសហប្រតិបត្តិការបេតិកភណ្ឌ វប្បធម៌អាស៊ាន-សាធារណរដ្ឋកូរ៉េមានសារៈសំខាន់សម្រាប់កម្ពុជា ក្នុងការស្វែងរកអ្វីៗថ្មី ពិសេសការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត (AI) ។

កិច្ចប្រជុំ ត្រូវបានរៀបចំឡើង ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការជាមួយមជ្ឈមណ្ឌលព័ត៌មាន និងបណ្តាញអន្តរជាតិ សម្រាប់បេតិកភណ្ឌវប្បធម៌អរូបីប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដែលស្ថិតក្រោមការឧបត្ថម្ភរបស់អង្គការយូណេស្កូ (UNESCO) ក្នុងគោលបំណងលើកកម្ពស់ការ យោគយល់គ្នាទៅវិញទៅមកលើផ្នែកវប្បធម៌ និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាព តាមរយៈការពង្រឹងការផ្លាស់ប្តូរព័ត៌មាន ការចែករំលែកបទពិសោធន៍ និងការពង្រីកបណ្តាញកិច្ចសហប្រតិបត្តិការរវាង Korea Heritage Service និងគណៈកម្មាធិការអាស៊ានប្រចាំទីក្រុងសេអ៊ូល ។

កិច្ចពិភាក្សាផ្តោតលើការពង្រឹងកិច្ច សហប្រតិបត្តិការបេតិកភណ្ឌវប្បធម៌រូបី និងអរូបី រវាងអាស៊ាន និងសាធារណរដ្ឋកូរ៉េ រួមមាន ៖ សមិទ្ធផលដែលសម្រេចបានលើវិស័យនេះ នាពេលកន្លងមក , បច្ចុប្បន្នភាពនៃគំនិតផ្តួចផ្តើម និងគម្រោង ដែលជាកិច្ចសហប្រតិបត្តិការរួមគ្នាលើផ្នែក បេតិកភណ្ឌវប្បធម៌អាស៊ាន-កូរ៉េ និងការរៀបចំទិសដៅ អនាគតសម្រាប់ពង្រឹង កិច្ចសហប្រតិបត្តិការ ។

ក្នុងឱកាសចូលរួមរួមកិច្ចប្រជុំកិច្ចប្រជុំគណៈកម្មាធិការការងារលើកទី៨នេះ លោក ឃួន ផុនរតនៈ បញ្ជាក់ថា កិច្ចប្រជុំនេះ ក៏ជាវេទិកាដ៏មានសារៈសំខាន់សម្រាប់កម្ពុជាក្នុងការចែករំលែកបទពិសោធន៍ ពង្រឹងសមត្ថភាពស្ថាប័នពាក់ព័ន្ធ និងស្វែងរកឱកាសកិច្ចសហប្រតិបត្តិការថ្មីៗ ជាពិសេសការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត (AI) ដើម្បីគាំទ្រដល់ការអភិរក្ស ការគ្រប់គ្រង និងការផ្សព្វផ្សាយបេតិកភណ្ឌវប្បធម៌កម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព និងអាចយកទៅប្រើប្រាស់សម្រាប់កិច្ចគាំពារ អភិរក្ស និងគ្រប់គ្រងសម្បត្តិបេតិកភណ្ឌវប្បធម៌អាស៊ាន-កូរ៉េ៕

To Top