អភិបាលខេត្តតាកែវ ៖ គ្មានការចាក់ដីរំលោភយកដីបឹងតាកែវ ធ្វើជាកម្មសិទ្ធិឡើយ គឺដើម្បីអភិវឌ្ឍន៍ សមិទ្ធផលសាធារណៈ
តាកែវ ៖ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានអះអាង និងបដិសេធចំពោះព័ត៌មានថា មិនមានការពិត ដោយ លោក បានបញ្ជាក់ថា ពុំមានការចាក់ដីរំលោភយកដីចំណីបឹងតាកែវ ធ្វើជាកម្មសិទ្ធិឯកជននោះឡើយ។

ការចាក់ដីមួយផ្នែកនៅក្នុងបឹងតាកែវ នាពេលនេះ គឺដើម្បីរៀបចំកសាងប្រាសាទសេរីវិជ័យ វេទិកាប្រកួតទូក ផ្លូវក្រវ៉ាត់បឹង និងសួនច្បារសាធារណៈ ក្នុងគោលបំណង លើកកម្ពស់សោភ័ណភាពក្រុងដូនកែវ និងបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋទូទៅ។

ការថ្លែងបញ្ជាក់បែបនេះ ត្រូវបានធ្វើឡើងនៅក្នុងឱកាសដែល លោក វ៉ី សំណាង អភិបាលខេត្ត អញ្ជើញជាអធិបតីភាពដឹកនាំ កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ នាថ្ងៃទី២៧ ខែកក្ដដា ឆ្នាំ២០២៦ ។

ក្នុងកិច្ចប្រជុំនាឱកាសនោះ លោក អភិបាលខេត្ត បានលើកឡើងថា កាលពីពេលថ្មីៗនេះ មានការចុះផ្សាយតាមបណ្ដាញសារព័ត៌មានមួយចំនួន ដោយបានសម្តែងក្តីបារម្ភថា ការចាក់ដីមួយផ្នែកក្នុងបឹងតាកែវ អាចនាំឲ្យខ្វះខាតទឹកប្រើប្រាស់ ឬមានការស៊ុំគ្រលំយកដីចំណីបឹង ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ។ លោក បានគូសបញ្ជាក់ថា «ការចុះផ្សាយទាំងនោះ គឺជាព័ត៌មានដែលគ្មានមូលដ្ឋានច្បាស់លាស់នោះឡើយ»។

លោក អភិបាលខេត្ត បានបន្តពន្យល់ពីទិសដៅអភិវឌ្ឍន៍ច្បាស់លាស់របស់រដ្ឋបាលខេត្តថា ការចាក់ដីមួយផ្នែកនៅចំកណ្តាលបឹង គឺសម្រាប់កសាងប្រាសាទសេរីវិជ័យ ដែលអាជ្ញាធរខេត្តបានរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់នាពេលថ្មីៗកន្លង ទៅ។ ចំណែកការចាក់ដីមួយផ្នែកទៀត គឺដើម្បីរៀបចំផ្លូវចូលទៅកាន់សណ្ឋាគារលំដាប់ផ្កាយ៤ របស់ក្រុមហ៊ុនវិនិយោគ និងដីមួយផ្នែកទៀត រៀបចំសម្រាប់កសាងវេទិកាអុំទូកផ្លូវការ ព្រមទាំងការរៀប ចំសួនច្បារលម្អសោភ័ណភាព សម្រាប់ឲ្យប្រជាពលរដ្ឋធ្វើជាទីកន្លែងដើរកម្សាន្ត ហាត់ប្រាណ និងសម្រាកលំហែកាយ៕
