Feature

រដ្ឋមន្ត្រី​ ហេង សួរ អញ្ជើញចូលរួមបើកសិក្ខាសាលាស្តីពី «ការធ្វើបរិវត្តកម្មកម្លាំងពលកម្មកម្ពុជា ដើម្បីសម្រេចបានចក្ខុវិស័យ ឆ្នាំ២០៣០ និងឆ្នាំ២០៥០»

ភ្នំពេញ ៖ លោក ហេង សួរ សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលនៃសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) អនុប្រធានក្រុមប្រឹក្សា យុវជនគ្រឹះស្ថានឧត្តមសិក្សា និងជាគណៈដឹកនាំចលនាយុវជនស្ម័គ្រចិត្ត ស.ស.យ.ក. នៃគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ រដ្ឋ និងឯកជនចំណុះក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមបើកសិក្ខាសាលាស្តីពី «ការធ្វើបរិវត្តកម្មកម្លាំងពលកម្មកម្ពុជា ដើម្បីសម្រេចបានចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ២០៥០» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកអភិសន្តិបណ្ឌិត ស សុខា អនុប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ នៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) ។

នាឱកាសនោះ លោក ហេង សួរ មានប្រសាសន៍ថា សិក្ខាសាលាដែលមានអ្នកចូលរួមសរុប ១ ៣០០នាក់នេះរៀបចំឡើង ក្នុងគោលបំណងផ្សព្វផ្សាយ និងបង្កើនការយល់ដឹង ពិភាក្សា បទពិសោធ និងការអនុវត្តល្អៗ កំណត់និន្នាការ បញ្ហាប្រឈម និងឱកាសនៃទីផ្សារការងារនាពេលអនាគត ព្រមទាំងស្វែងរកដំណោះស្រាយរួម និងរួមចំណែកជំរុញការអនុវត្តគោលនយោបាយរាជរដ្ឋាភិបាល ក្នុងការកសាងធនធានមនុស្សប្រកបដោយជំនាញខ្ពស់ ផលិតភាព ភាពធន់ និងសមត្ថភាពបត់បែន។

លោកបានលើកឡើងថា ដើម្បីសម្រេចឱ្យបាននូវគោលនយោបាយ និងកម្មវិធីអាទិភាព និងឆ្លើយតបនឹងតម្រូវការទីផ្សារការងារយ៉ាងច្រើន ដែលមានទាំងបរិមាណ និងគុណភាពនៅកម្ពុជា ក៏ដូចជា ការវិវត្តយ៉ាងខ្លាំងនៃបដិវត្តឧស្សាហកម្ម ៤.០ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈអគ្គនាយកដ្ឋានធីវេត គ្រឹះស្ថានធីវេត ក្រោមឱវាទក្រសួងទាំងអស់ រួមជាមួយនឹងក្រសួង ស្ថាប័នដទៃទៀតនៃរាជរដ្ឋាភិបាល ជាមួយនឹងដៃគូពាក់ព័ន្ធទាំងអស់ បានខិតខំប្រឹងប្រែងអស់ពីលទ្ធភាព ក្នុងការធ្វើទំនើបកម្មជាបន្តបន្ទាប់នូវប្រព័ន្ធអប់រំបច្ចេកទេស និងវិជ្ជាជីវៈ យ៉ាងស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ។ លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ និងក្មួយៗ យុវជន ដែលជាសិស្ស-និសិ្សត និងសមាជិកនៃមហាគ្រួសារ ស.ស.យ.ក. ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អញ្ជើញចូលរួមក្នុងសិក្ខាសាលានេះ។

ទន្ទឹមនេះលោកអភិសន្តិបណ្ឌិត ស សុខា តំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាមានប្រសាសន៍ថា កម្ពុជាកំពុងបោះជំហានយ៉ាងស្វាហាប់នៅលើមាគ៌ាអភិវឌ្ឍន៍ដោយមានមហិច្ឆតាឈានទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និងឆ្នាំ២០៥០។ ដើម្បីសម្រេចមហិច្ឆតាដ៏សំខាន់នេះ កម្ពុជាទទួលស្គាល់ថា ធនធានមនុស្សគឺជាទ្រព្យសម្បត្តិយុទ្ធសាស្ត្រដ៏មានតម្លៃបំផុតរបស់ជាតិ ហើយកម្លាំងពលកម្មដែលមានចំណេះដឹង ជំនាញ និងផលិតភាពខ្ពស់ គឺជាកម្លាំងចលករជំរុញកំណើនសេដ្ឋកិច្ចរយៈពេលវែង។

លោកអភិសន្តិបណ្ឌិតបានផ្តល់អនុសាសន៍ឱ្យផ្តោតលើកិច្ចការសំខាន់ៗដូចជា៖ ពង្រឹងកម្មវិធី TVET ប្រកបដោយគុណភាពនិងភាពបត់បែនតាមតម្រូវការទីផ្សារជាក់ស្តែង ពង្រឹងទំនាក់ទំនងវិស័យឯកជន ពង្រឹងជំនាញបច្ចេកវិទ្យា ឌីជីថល ការគ្រប់គ្រងទិន្នន័យ ជាពិសេសសមត្ថភាពសាយប័រ និងបញ្ញាសិប្បនិម្មិត (AI) ព្រមទាំងលើកកម្ពស់ការរៀនសូត្រពេញមួយជីវិត បង្កើនផលិតភាព និងសមត្ថភាពប្រកួតប្រជែងនៃកម្លាំងពលកម្មជាដើម។

លោកមានប្រសាសន៍ថា ប្រធានបទដែលលើកយកមកពិភាក្សានាពេលនេះមិនមែនគ្រាន់តែសម្រាប់ការផ្លាស់ប្តូរយោបល់ក្នុងរយៈពេលមួយមួយថ្ងៃនោះទេ ប៉ុន្តែជាប្រធានបទមានលក្ខណៈជាយុទ្ធសាស្ត្រដែលពាក់ព័ន្ធដោយផ្ទាល់ទៅនឹង អនាគតសេដ្ឋកិច្ច អនាគតយុវជន និងអនាគតប្រទេសជាតិ។ ឯកឧត្ដមក៏បានផ្តាំផ្ញើដល់សមាជិក សមាជិកា និងប្អូនៗយុវជនផងដែរ ដើម្បីជាគោលគំនិតសម្រាប់ការសិក្សា ការងារ និងការអភិវឌ្ឍខ្លួន ដោយត្រូវធ្វើជា អ្នកស្វែងរកចំណេះដឹង មិនមែនគ្រាន់តែជា អ្នកស្តាប់, យកចំណេះដឹងដែលទទួលបានពីសិក្ខាសាលា ទៅភ្ជាប់ជាមួយការសិក្សា និងផែនការអាជីពរបស់ខ្លួន ហើយចែករំលែកចំណេះដឹងបន្ត។ លើសពីនេះ ក៏ត្រូវចាប់យកឱកាសបង្កើតបណ្តាញទំនាក់ទំនង, បង្កើតស្មារតីរៀនសូត្រពេញមួយជីវិត, ប្រកាន់ខ្ជាប់សីលធម៌ គុណធម៌ ភាពស្មោះត្រង់ និងការទទួលខុសត្រូវ, ពង្រឹងសមត្ថភាពភាសាបរទេស និងត្រូវមានស្មារតីស្នេហាជាតិ និងការទទួលខុសត្រូវចំពោះសង្គម ជាដើម។ ជាមួយគ្នានេះ លោកបានវាយតម្លៃខ្ពស់ចំពោះក្រសួងការងារដែលមានបេសកកម្មស្នូលក្នុងការអភិវឌ្ឍកម្លាំងពលកម្ម និងសេដ្ឋកិច្ចក៏ដូចជាកិច្ចសហការល្អជាមួយក្រសួងមហាផ្ទៃ ក្នុងការជួយអន្តរាគមន៍អតីពលករពីប្រទេសថៃដោយទទួលលទ្ធផលល្អប្រសើរទៅតាមអនុសាសន៍ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល៕

To Top