រដ្ឋមន្រ្តី ហេង សួរ សាទរ ចំពោះប្រតិបត្តិការក្រុមហ៊ុន MinebeaMitsumi រយៈពេល ១៥ឆ្នាំនៅកម្ពុជា និងស្វាគមន៍ការពង្រីកការ វិនិយោគនៅខេត្តពោធិ៍សាត់
ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសមជាមួយលោក យ៉ូស៊ីហ៊ីសា កៃនុម៉ា (Yoshihisa Kainuma) អគ្គនាយកប្រតិបត្តិក្រុមហ៊ុន MinebeaMitsumi Inc. នារសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដើម្បីបង្ហាញវឌ្ឍនភាព នៃប្រតិបត្តិការអាជីវកម្ម របស់ក្រុមហ៊ុននៅកម្ពុជា ពិភាក្សាអំពីបញ្ហាប្រឈម និងផ្តល់ដំណោះស្រាយ ក៏ដូចជាពិភាក្សាពីការត្រៀម រៀបចំពិធីអបអរសាទរខួបលើកទី១៥ នៃការប្រតិបត្តិការរបស់ក្រុមហ៊ុន Minebea (Cambodia) Co., Ltd. នៅកម្ពុជា ដែលគ្រោងនឹងធ្វើឡើងនៅខែធ្នូ ឆ្នាំ២០២៦ នេះ។

នាឱកាសនោះ លោករដ្ឋមន្រ្តី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក កៃនុម៉ា និងសហការី ព្រមទាំងបានថ្លែងអំណរគុណ ចំពោះការធ្វើបច្ចុប្បន្នភាពពីប្រតិបត្តិការ របស់ក្រុមហ៊ុន ការអភិវឌ្ឍធនធានមនុស្ស និងផែនការពង្រីកការវិនិយោគ នាពេលអនាគតនៅកម្ពុជា។ លោកបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពដែលក្រុមហ៊ុនសម្រេចបាន ហើយបានអបអរសាទរដល់ក្រុមហ៊ុន Minebea ក្នុងឱកាសខួបលើកទី១៥ នៃប្រតិបត្តិការនៅកម្ពុជា ដោយលោកបានគូសបញ្ជាក់ថា ការបន្តវិនិយោគ របស់ក្រុមហ៊ុន MinebeaMitsumi គឺឆ្លុះបញ្ចាំងពីទំនុកចិត្ត របស់ខ្លួនចំពោះស្ថិរភាពនយោបាយ សក្តានុពលសេដ្ឋកិច្ច បរិយាកាសវិនិយោគ និងកម្លាំងពលកម្មវ័យក្មេងរបស់កម្ពុជា។

ជាមួយនឹងការកោតសរសើរក្រុមហ៊ុន MinebeaMitsumi ចំពោះការរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍវិស័យ ឧស្សាហកម្ម ការធ្វើពិពិធកម្មសេដ្ឋកិច្ច ការជំរុញការនាំចេញ ការបង្កើតការងារ និងការអភិវឌ្ឍធនធាន មនុស្សចាប់តាំងពីឆ្នាំ២០១១មក, លោកបានស្វាគមន៍ការពង្រីកការវិនិយោគ របស់ក្រុមហ៊ុនទៅកាន់ខេត្តពោធិ៍សាត់ ដែលបង្កើតឱកាសការងារបន្ថែម និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងឧស្សាហកម្មនៅមូលដ្ឋាន។ លោកក៏បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនក្នុងការទាក់ទាញឧស្សាហកម្ម និងអ្នកផ្គត់ផ្គង់មក វិនិយោគនៅកម្ពុជា ជាពិសេសការទាក់ទាញអ្នកផ្គត់ផ្គង់ពីបរទេសមកកម្ពុជា ដែលជួយពង្រឹងការតភ្ជាប់ឧស្សាហកម្មក្នុងស្រុក ខ្សែច្រវាក់ផ្គត់ផ្គង់ និងការផ្ទេរបច្ចេកវិទ្យា។

លោករដ្ឋមន្រ្តីក៏បានលើកឡើងពីកិច្ចសហប្រតិបត្តិការយ៉ាងសកម្មរបស់ក្រុមហ៊ុនជាមួយគ្រឹះស្ថាន TVET ដែលផ្តល់ឱកាសបណ្តុះបណ្តាលជាក់ស្តែង កម្មសិក្សា ឱកាសការងារ និងការសិក្សាពីបច្ចេកវិទ្យាឧស្សាហកម្មទំនើប និងលើកទឹកចិត្តឱ្យក្រុមហ៊ុនពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមជាមួយគ្រឹះស្ថាន TVET ដែលរួមទាំងការបណ្តុះបណ្តាលជំនាញ បច្ចេកទេស និងជំនាញទន់ជាដើម។ លោកបានជម្រាបជូនពីការ ផ្តល់ការបណ្តុះបណ្តាលបង្កើនជំនាញ និងរៀនជំនាញថ្មីក្រោមកម្មវិធី ១,៥ លាន សម្រាប់យុវជន ដើម្បីឆ្លើយតបទៅនឹង តម្រូវការទីផ្សារការងារ និងបច្ចេកវិទ្យា។

ទន្ទឹមនេះ លោករដ្ឋមន្ត្រីក៏បានលើកឡើងពីការដាក់ឱ្យអនុវត្ត «គន្លងវិជ្ជាជីវៈ» នៅក្នុងគន្លងអប់រំថ្មី ដើម្បីអភិវឌ្ឍធនធានមនុស្ស និងត្រៀមខ្លួនរួចជាស្រេចសម្រាប់ឧស្សាហកម្ម ជាពិសេសលើវិស័យអេឡិចត្រូនិក អគ្គិសនី និងយានយន្ត ដើម្បីបង្កើតប្រភពកម្លាំងពលកម្មជំនាញក្នុងស្រុកប្រកបដោយចីរភាពសម្រាប់វិស័យឯកជន។ លោកក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាង Minebea និងទីភ្នាក់ងារជាតិមុខរបរ និងការងារ ក្នុងការផ្គូផ្គងការងារ និងជ្រើសរើសបុគ្គលិក ដែលរួមទាំងអតីតពលករមកពីប្រទេសថៃផងដែរ។

លោក ហេង សួរ បានបញ្ជាក់នូវការប្តេជ្ញាចិត្តដ៏មុតមាំរបស់ក្រសួងក្នុងការគាំទ្រវិនិយោគិនដែលមានទំនួលខុសត្រូវ ដែលបង្កើតការងារសមរម្យ អភិវឌ្ឍជំនាញរបស់ប្រជាពលរដ្ឋ លើកកម្ពស់ទំនាក់ទំនងវិជ្ជមានក្នុងវិស័យឧស្សាហកម្ម និងរួមចំណែកដល់កំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព។ លោកជឿជាក់ថា កិច្ចសហប្រតិបត្តិការរវាងភាគី ទាំងពីរនឹងបន្តរីកចម្រើន ជាពិសេសលើការអភិវឌ្ឍកម្លាំងពលកម្ម ការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ការបង្កើតការងារ និងការធ្វើទំនើបកម្ម វិស័យឧស្សាហកម្ម ហើយជោគជ័យរបស់ក្រុមហ៊ុន ក៏ជាជោគជ័យ របស់កម្ពុជាផងដែរ។

ជាការឆ្លើយតប លោក កៃនុម៉ា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោករដ្ឋមន្រ្តីក្នុង កិច្ចពិភាក្សាប្រកប ដោយផលិតភាព ក៏ដូចជាការគាំទ្រ ប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុននៅកម្ពុជា រហូតទទួលបានសមិទ្ធផល ជាទីមោទនៈនេះ។ លោកថ្លែងថា លោករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំរបស់ក្រសួងតែងផ្តល់ ដំណោះស្រាយនៅពេល ដែលក្រុមហ៊ុនមានបញ្ហាប្រឈម ជាពិសេសក្នុងដំណាក់កាលដំបូងនៅក្នុងការជ្រើសរើសបុគ្គលិក ប៉ុន្តែក្រោយមក កម្លាំងពលកម្មកម្ពុជាបានអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ហើយក្រុមហ៊ុនក៏បានពង្រីកខ្លួនរហូតបង្កើតរោងចក្រទី២ និងក៏គ្រោងសាងសង់រោងចក្របន្ថែមផងដែរ។ ជាមួយនឹងការកត់សម្គាល់ពីការអភិវឌ្ឍនៅកម្ពុជា ក្រុមហ៊ុននៅតែជឿជាក់លើបរិយាកាស និងស្ថិរភាពនៃការវិនិយោគនៅកម្ពុជា ដែលក៏ជួយទាក់ទាញអ្នកវិនិយោគិនជប៉ុនផ្សេងទៀត ឱ្យមកបណ្តាក់ទុននៅកម្ពុជាផងដែរ៕












