ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់​ ទទូចថាច្រកសមុទ្រហ័រមូស មិនត្រូវវិលត្រឡប់ទៅសភាព មុនសង្គ្រាមវិញនោះទេ

តេអេរ៉ង់៖ អ្នកការទូតជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់បានឧ្យដឹងថា ទីក្រុងតេអេរ៉ង់​ នឹងមិនអនុញ្ញាតឱ្យច្រកសមុទ្រហ័រមូស វិលត្រឡប់ទៅសភាព មុនសង្គ្រាមវិញនោះទេ ដោយព្រមានថា​ នាវាចម្បាំងអឺរ៉ុបណាមួយ​ ដែលកំពុងស្វែង រកការចូលទៅជិតផ្លូវទឹកយុទ្ធសាស្ត្រនឹងត្រូវបានចាត់ទុកថាជា “គោលដៅស្របច្បាប់”។

អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់​ ទទួលបន្ទុកផ្នែកច្បាប់ និងកិច្ចការអន្តរជាតិ លោក Kazem Gharibabadi បានប្រាប់ទូរទស្សន៍ IRIB ដែលគ្រប់គ្រងដោយរដ្ឋថា ប្រសិនបើស្ថានភាពច្រកសមុទ្រវិល ត្រឡប់ទៅសភាពមុនសង្គ្រាមវិញ “ភាពជោគជ័យរបស់អ៊ីរ៉ង់ក្នុងសង្គ្រាម នឹងមិនពេញលេញនោះទេ”។

លោក Gharibabadi បានបន្ថែមថា ដើម្បីបង្កើតអធិបតេយ្យភាព របស់ខ្លួនលើច្រកសមុទ្រនេះ អ៊ីរ៉ង់មិនខ្លាចក្នុងការបន្តសង្គ្រាមឡើងវិញនោះទេ។

ដោយពណ៌នាអំពីច្រកសមុទ្រនេះថាជា “សមត្ថភាពការពារជាតិថ្មី” ដែលឥឡូវនេះកំពុងក្លាយជាផ្នែកមួយនៃសន្តិសុខជាតិរបស់អ៊ីរ៉ង់ លោកបានលេីកឡេីងថា ការរៀបចំគ្រប់គ្រងនាពេលអនាគតរបស់ទីក្រុងតេអេរ៉ង់​ នឹងមានផលប៉ះពាល់រយៈពេលវែងទៅលើសន្តិសុខរបស់ប្រទេស។

លោកក៏បានបង្ហាញផងដែរថា ប្រទេសអូម៉ង់បានស្វែងរកការនាំប្រទេសទីបី​មក​ សម្រាប់ប្រតិបត្តិការបោសសម្អាតមីនតាមរយៈផ្នែកខាងត្បូងនៃច្រកសមុទ្រនេះ ប៉ុន្តែអ៊ីរ៉ង់​ បានបដិសេធ។

ងាកទៅរកទំនាក់ទំនង របស់សហរដ្ឋអាមេរិក មន្ត្រីរូបនេះបានឧ្យដឹងថា អ៊ីរ៉ង់​ មិនបានស្នើសុំការចរចា ជាមួយសហរដ្ឋអាមេរិកក្នុងរយៈពេល ១៥ថ្ងៃកន្លងមកនេះទេ។

លោកបន្ថែមថា “ជនជាតិអាមេរិក​ បានស្នើសុំឱ្យយើងធ្វើកិច្ចចរចា ហើយបានផ្ញើសារមួយមកយើងតាមរយៈប្រទេសអូម៉ង់ថា ពួកគេនឹងមិនចាត់វិធានការយោធាប្រឆាំង នឹងយើងនោះទេ”៕

To Top