អ៊ីរ៉ង់នឹងទទួល បានប្រព័ន្ធមីស៊ីលបាញ់ ចេញពីលើស្មារបស់ចិន ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ
បរទេស៖ អ៊ីរ៉ង់ត្រូវបានរំពឹងទុកថា នឹងទទួលបានការដឹកជញ្ជូន លើកដំបូងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ ដែលមានប្រព័ន្ធមីស៊ីលការពារដែន អាកាសបាញ់ពីលើស្មាផលិត ដោយចិនរហូតដល់ ៤០០ គ្រឿង នេះបើតាមប្រភពចំនួនបីដែលដឹងពីកិច្ចព្រមព្រៀងនេះ បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ខណៈដែលប្រទេសនេះកំពុងកសាង ប្រព័ន្ធការពាររបស់ខ្លួនឡើងវិញ ចំពេលមានសង្គ្រាមជាមួយសហរដ្ឋអាមេរិក។
យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ថា ការទិញនេះដែលមានតម្លៃពី ៦០ ទៅ ៧០ លានដុល្លារ គឺជាកិច្ចខិតខំប្រឹងប្រែងដ៏ធំបំផុតមួយ ក្នុងចំណោមកិច្ចខិតខំប្រឹងប្រែងដែលគេស្គាល់ របស់តេហេរ៉ង់ក្នុងការពង្រឹងប្រព័ន្ធការពារដែន អាកាសរយៈចម្ងាយខ្លីរបស់ខ្លួន ចាប់តាំងពីការផ្ទុះឡើង នូវសង្គ្រាមជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដែលបានបង្ហាញពីចន្លោះប្រហោងក្នុង សមត្ថភាពរបស់អ៊ីរ៉ង់ ក្នុងការការពារទីតាំងយោធា និងហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ។
ប្រភពបានឲ្យដឹងថា កិច្ចសន្យានេះគ្របដណ្ដប់លើការទិញប្រព័ន្ធការពារដែនអាកាសស្ពាយតាមខ្លួន (MANPADS) ចំនួនពី ៣០០ ទៅ ៤០០ គ្រឿង រួមទាំងមីស៊ីល QW-12 និង FN-16 ផលិតដោយប្រទេសចិន។
កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាជាមួយក្រុមហ៊ុន Zhongqing Baoshang International Investment ដែលជាក្រុមហ៊ុនមានមូលដ្ឋាននៅទីក្រុងហុងកុង ហើយប្រភពបានឲ្យដឹងថាធ្វើសកម្មភាពជាភាគីអន្តរការីរវាងភាគីអ៊ីរ៉ង់ និងអ្នកផ្គត់ផ្គង់ចិន។
ប្រែសម្រួលៈ ណៃ តុលា









