Feature

រដ្ឋមន្ត្រី ហួត ហាក់ ៖ កម្ពុជា បាននិងកំពុងត្រៀមលក្ខណៈ​សម្បត្តិយ៉ាងសកម្ម ដើម្បីជំរុញគម្រោងសាកល្បង ទស្សនាប្រាសាទពេលរាត្រី

ភ្នំពេញ៖​ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា តាមរយៈអន្តរក្រសួង យើងបាននិងកំពុងត្រៀមលក្ខណៈសម្បត្តិយ៉ាងសកម្ម ដើម្បីជំរុញគម្រោងសាកល្បង ទស្សនាប្រាសាទពេលរាត្រី និង ជំរុញទេសចរណ៍ភាពយន្ត ដែលជាយុទ្ធសាស្ត្រអំណាចទន់ (Soft Power) ដើម្បីលើកស្ទួយវិស័យទេសចរណ៍» ។

ការគូសបញ្ជាក់របស់លោក ហួត ហាក់ ធ្វើឡើងក្នុងកិច្ចប្រជុំពិភាក្សា​ ​លើទិសដៅយុទ្ធសាស្ត្រគន្លឹះ ដើម្បីអភិវឌ្ឍផលិតផលទេសចរណ៍ថ្មី ប្រកបដោយភាពទាក់ទាញ និងលើកកម្ពស់កិត្តិនាមកម្ពុជា នៅលើឆាកអន្តរជាតិ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ។

ក្រសួងទេសចរណ៍ បានសហការយ៉ាងជិតស្និទ្ធ ជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រដ្ឋបាលខេត្តសៀមរាប និង ស្ថាប័នពាក់ព័ន្ធមួយចំនួន ក្នុងការសម្របសម្រួលឱ្យផលិត​កម្ម Daubai Production ថតភាពយន្តផ្សព្វផ្សាយទេសចរណ៍កម្ពុជា ក្រោមចំណងជើងថា “ដំណើរកម្សាន្តនៃគូស្នេហ៍ចំនួន៥គូ ពីប្រទេសកាហ្សាក់ស្ថានមកទស្សនាប្រទេសកម្ពុជា” និងត្រូវបានដាក់សម្ពោធជាផ្លូវការ នៅប្រទេសកាហ្សាក់ស្ថាន ។

ជាមួយគ្នានេះ កម្ពុជា ក៏ធ្លាប់ជាទីតាំង​ ថតភាពយន្តអន្តរជាតិល្បីៗជាច្រើន ដូចជា Tomb Raider, Two Brothers, First They Killed My Father, In the Mood for Love, និង The Sea Wall ព្រមទាំងការថតស្ប៉តពាណិជ្ជកម្មអន្តរជាតិ របស់ម៉ាកសញ្ញាប្រណិតៗដូចជា STEFANO RICCI និង Louis Vuitton (LV)។

ចំណែកឯការរៀបចំ ទស្សនាប្រាសាទនាពេលរាត្រី ក៏ធ្លាប់ត្រូវបានបង្ហាញនូវផ្ទាំងទស្សនីយភាពដ៏អស្ចារ្យ ក្នុងព្រឹត្តិការណ៍ធំៗកម្រិតពិភពលោក រួមមាន មហាសន្និបាតកាយឫទ្ធិនារីពិភពលោក (WAGGGS) លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំសហគមន៍ OB-PS លើកទី៤២, ពិព័រណ៍គ្រឿងអលង្ការ BVLGARI, ព្រឹត្តិការណ៍ Gumball 3000 និងនៅក្នុងកិច្ចប្រជុំកំពូលជាច្រើនទៀត។

ទន្ទឹមនឹងនេះ, ដើម្បីជំរុញការងារទស្សនាប្រាសាទនាពេលរាត្រី ឱ្យមានប្រសិទ្ធភាព និងលទ្ធផលជាក់ស្តែង លោក ហួត ហាក់ បានណែនាំត្រូវឱ្យមានជាគម្រោងសាកល្បង (Pilot Project) ដោយ​ត្រូវ​ជ្រើសរើសប្រាសាទ ១ ឬ ២ ជាការដាក់សាកល្បង នា​ពេល​ឆាប់ៗខាង​មុខ​នេះ​។ ជាមួយគ្នានេះ, លោករដ្ឋមន្ត្រី ក៏បានជំរុញសកម្មភាពផ្សេងៗ ដែលអាចទាក់ទាញភ្ញៀវទេសចរ នៅពេលរាត្រីផងដែរ ដើម្បីពន្យារពេលស្នាក់នៅរបស់ភ្ញៀវ។ ជាក់ស្តែង, នាពេលឆាប់ៗខាងមុខនេះ, លោករដ្ឋមន្ត្រី នឹងដាក់ឱ្យដំណើរការសេវាកម្មទេសចរណ៍ នាពេលរាត្រី នៅសហគមន៍បាគងភូមិខ្ញុំ ដែលនឹងជាគំរូដ៏មានប្រសិទ្ធភាព សម្រាប់ពង្រីកទៅកាន់ សហគមន៍ទេសចរណ៍ដទៃទៀត។ ជាការពិត, គម្រោងនេះ នឹងផ្តល់នូវអត្ថប្រយោជន៍បន្ថែម ដល់ប្រជាពលរដ្ឋសហគមន៍ដោយផ្ទាល់។

 
បន្ថែ​មលើនេះ, ដើម្បីផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍កម្ពុជា ទៅកាន់ឆាកអន្តរជាតិ គម្រោងផលិតភាពយន្តខ្នាតខ្លី ដែលមានការចូលរួមពីតារាសម្តែងល្បីជនជាតិកូរ៉េ និងតារាសម្តែងរបស់កម្ពុជា ដែលថតនៅតាមគោលដៅទេសចរណ៍សំខាន់ៗ នឹងគ្រោងលេចជារូបរាងឡើង នាពេលខាងមុខផងដែរ។  
 
សូមបញ្ជាក់ថា ក្រុមការងារអន្តរក្រសួង ដើម្បីសម្របសម្រួល និងគាំទ្រវិស័យទេសចរណ៍ភាពយន្ត និងការទស្សនាប្រាសាទនាពេលរាត្រីនៅកម្ពុជា ត្រូវបានបង្កើតឡើងដោយសេចក្តីសម្រេច របស់រាជរដ្ឋាភិបាល ចុះថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០២៦ ដែលមានប្រធាន ១រូប, អនុប្រធាន ៦រូប, សមាជិក ២៨រូប និងក្រុមការងារបច្ចេកទេស ១ក្រុម ៕

To Top