លោក ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេស ពិនិត្យវឌ្ឍនភាពការងារ សាងសង់មជ្ឈមណ្ឌលអភិវឌ្ឍន៍សហគមន៍ និងហេដ្ឋារចនាសម្ព័ន្ធនានា នៅខេត្តតាកែវ
តាកែវ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយជាថ្នាក់ដឹកនាំក្រសួង នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ បានដឹកនាំមន្ដ្រីបច្ចេកទេសក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ អញ្ជើញពិនិត្យវឌ្ឍនភាពការងារសាងសង់មជ្ឈមណ្ឌលអភិវឌ្ឍន៍សហគមន៍ និងហេដ្ឋារចនាសម្ព័ន្ធនានា នៅភូមិត្រពាំងអង្គ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។
មជ្ឈមណ្ឌលអភិវឌ្ឍន៍សហគមន៍ខេត្តតាកែវ នេះបង្កើតឡើងដើម្បីជាថ្នាល ក្នុងការអភិវឌ្ឍធនធានមនុស្ស និងលើកកម្ពស់អាជីវកម្មកសិកម្មកម្ពុជា ដែលធ្វើឱ្យប្រជាពលរដ្ឋរស់នៅតំបន់ជនបទ អាចបង្កើនប្រាក់ចំណូលក្នុងគ្រួសារ ប្រកបដោយចីរភាព ដោយជំរុញការធ្វើពិពិធកម្មមុខរបរ និងនវានុវត្តន៍ការងារ តាមរយៈការបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ជំនាញបំណិនជីវិត និងជំនាញសហគ្រិនភាព។ មជ្ឈមណ្ឌលអភិវឌ្ឍន៍សហគមន៍ខេត្តតាកែវនេះ គឺជាមជ្ឈមណ្ឌលទី២ ក្រោមហិរញ្ញប្បទានឥតសំណង របស់រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ត្រូវបានចាប់ផ្ដើមបើកបញ្ចុះបឋមសិលា និងបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ កន្លងទៅ និងបច្ចុប្បន្នការងារសាងសង់អគារ និងហេដ្ឋារចនាសម្ព័ន្ធនានា សម្រេចវឌ្ឍនភាពបាន ៥០%។
ក្នុងឱកាសអញ្ជើញចុះ ពិនិត្យការងារនាពេលនោះ លោករដ្ឋមន្ត្រី បានចង្អុលបង្ហាញដល់ក្រុមហ៊ុនទទួលការសាងសង់ អនុវត្តឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសសំណង់ និងស្របតាមគំនូសប្លង់ដែលបានកំណត់ ព្រមទាំងត្រូវជំរុញការងារសាងសង់ឱ្យសម្រេចបានតាមកិច្ចសន្យាការងារ ដើម្បីឆាប់ បានបម្រើផលប្រយោជន៍ ដល់ប្រជាពលរដ្ឋតាមរយៈការបណ្ដុះបណ្ដាល៕














