ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីម៉ិកស៊ិក​ ជំរុញឱ្យអ្នកនយោបាយអាមេរិក​ ឈប់ប្រើប្រាស់ម៉ិកស៊ិកជាបញ្ហាយុទ្ធនាការ ឃោសនាបោះឆ្នោត

ម៉ិកស៊ិក៖ ប្រធានាធិបតីម៉ិកស៊ិក លោកស្រី Claudia Sheinbaum បានអំពាវនាវដល់អ្នកនយោបាយអាមេរិកឱ្យឈប់ប្រើប្រាស់ប្រទេសម៉ិកស៊ិក​ ជាបញ្ហាយុទ្ធនាការឃោសនាបោះឆ្នោត ខណៈពេលដែលពួកគេកំពុងត្រៀមខ្លួន​ សម្រាប់ការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅខែវិច្ឆិកា។

លោកស្រីប្រធានាធិបតី​បានឧ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃរបស់លោកស្រីថា “ប្រទេសម៉ិកស៊ិក​ មិនគួរជាបញ្ហាយុទ្ធនាការឃោសនាបោះឆ្នោតនោះទេ ពីព្រោះពួកគេមានបញ្ហាផ្ទាល់ខ្លួននៅសហរដ្ឋអាមេរិក។ ប្រទេសម៉ិកស៊ិក​ មិនមែនជាប្រទេសរបស់នរណាម្នាក់ទេ”។

ការកត់សម្គាល់នេះបានកើតឡើងបន្ទាប់ពីសមាជិកសភាសាធារណរដ្ឋ លោក Carlos Gimenez បានចោទប្រកាន់រដ្ឋាភិបាលរបស់លោកស្រីថា​ បានធ្វើឱ្យខូចគោលនយោបាយ “សម្ពាធអតិបរមា” របស់រដ្ឋបាលសហរដ្ឋអាមេរិក​ ចំពោះប្រទេសគុយបា បន្ទាប់ពីការប្រកាសរបស់លោកស្រី​ អំពីការដឹកជញ្ជូនជំនួយមនុស្សធម៌ថ្មីទៅកាន់កោះនេះ។

លោកស្រី Sheinbaum បានបន្ដថា ខណៈដែលប្រទេសម៉ិកស៊ិក និងសហរដ្ឋអាមេរិក សហការគ្នាលើមូលដ្ឋាននៃ «កិច្ចសហការដោយគ្មានការចុះចូល» ប្រទេសម៉ិកស៊ិក នៅតែប្តេជ្ញាចិត្ត​ ចំពោះគោលនយោបាយ​យូរអង្វែងរបស់ខ្លួនចំពោះប្រទេសគុយបា ដោយបន្ថែមថា ជំនួយមនុស្សធម៌ ដល់កោះនេះនឹងបន្តជា «បញ្ហាអធិបតេយ្យភាព» និងមនុស្សធម៌៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top