Feature

លោក ខូយ រីដា បើកយុទ្ធនាការ ចាក់ប៉េតុង បំពេញគំហុក និងបំបាត់សំបុកមាន់ ជួសជុលផ្លូវកៅស៊ូ សម្រួលការធ្វើដំណើរ ជូនប្រជាពលរដ្ឋ នៅស្រុកតាលោសែនជ័យ

ពោធិ៍សាត់ ៖ នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦លោក ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានបើកយុទ្ធនាការ ចលនាមន្ត្រីរាជការ រដ្ឋបាលក្រុង-ស្រុក មន្ទីរ-អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ដើម្បីចាក់ប៉េតុងបំពេញគំហុក និងបំបាត់សំបុកមាន់ ក្នុងគោលបំណងជួសជុល ថែទាំ និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ លើកំណាត់ផ្លូវកៅស៊ូ ដែលរងការខូចខាត ត្រង់ចំណុចផ្សារបត់រំដួល ឆ្ពោះទៅបឹងព្រះពន្លាជ័យ ស្ថិតក្នុងឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ។

យុទ្ធនាការដ៏មានសារៈសំខាន់នេះ មិនត្រឹមតែជាការជួសជុល ផ្លូវថ្នល់ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការជួសជុល ក្នុងគោលបំណង ដើម្បីប្រើប្រាស់បណ្តោះអាសន្ន សំដៅដោះស្រាយការលំបាក ជាបន្ទាន់ ជូនប្រជាពលរដ្ឋ និងជាសារដាស់តឿនក្រើនរំលឹក ដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ឱ្យចេះយកចិត្តទុកដាក់ខ្ពស់ លើការថែទាំផ្លូវថ្នល់ ដែលមានស្រាប់ ជាជាងការរង់ចាំរហូតដល់ខូចខាតទ្រុឌទ្រោមខ្លាំង។

ថ្លែងក្នុងឱកាសចុះដឹកនាំផ្ទាល់ និងបើកយុទ្ធនាការនោះ លោក ខូយ រីដា បានដាក់ចេញ នូវអនុសាសន៍ និងការណែនាំយ៉ាងម៉ឺងម៉ាត់ ដល់អភិបាលក្រុង-ស្រុកទាំងអស់ ដែលបានអញ្ជើញមកចូលរួម ត្រូវចាត់ទុកកិច្ចការនេះជាគំរូដ៏មានតម្លៃ ហើយត្រូវយកស្មារតី និងបទពិសោធន៍នេះ ទៅអនុវត្តសកម្មភាពស្រដៀងគ្នា នៅតាមមូលដ្ឋានរៀងៗខ្លួនឱ្យបានផុលផុស និងទៀងទាត់ ។

បន្ថែមពីលើនេះ ឯកឧត្តមអភិបាលខេត្ត បានផ្ដាំផ្ញើ និង លើកទឹកចិត្តយ៉ាងខ្លាំង ដល់គ្រប់ភាគីពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋមូលដ្ឋាន ឱ្យចេះចូលរួម ថែទាំផ្លូវថ្នល់ និងជួសជុលដោយខ្លួនឯងជាប្រចាំ ដោយស្មារតីម្ចាស់ការ ដោយលោកបានគូសបញ្ជាក់ថា «កុំរង់ចាំតែគម្រោងថវិកាធ្លាក់ចុះពីលើទើបធ្វើ ពោលគឺដើម្បីរួមចំណែកជួយសម្រាលបន្ទុកដ៏ធំ របស់រាជរដ្ឋាភិបាល» ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត ពិសេសកិច្ចការពារជាតិមាតុភូមិ។

ទន្ទឹមនឹងការកសាង និងថែទាំនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋរស់នៅអមសងខាងផ្លូវទាំងអស់ក្នុងខេត្ត សូមមេត្តាកុំចាក់ដីលុប ឬសាងសង់ផ្ទះខ្ពស់ជាងកម្រិតផ្លូវ ដែលជាហេតុធ្វើឱ្យទឹកភ្លៀងហូរច្រោះបំផ្លាញ ដែលសកម្មភាពនេះទាមទារឱ្យមានការចូលរួមការពារពីគ្រប់ភាគីទាំងអស់ ទើបធ្វើឱ្យផ្លូវនោះនឹងមិនឆាប់ខូចខាតមុនពេលកំណត់ ។

លោក ខូយ រីដា សង្ឃឹមយ៉ាងមុតមាំថា តាមរយៈយុទ្ធនាការនេះ នឹងជួយបណ្តុះស្មារតីស្រលាញ់ ថែរក្សា និងការពារសម្បត្តិសាធារណៈទាំងអស់គ្នា ដើម្បីផលប្រយោជន៍រួម និងភាពរីកចម្រើនបន្តរហូតតទៅ៕
អត្ថបទដោយ÷រដ្ឋបាលខេត្តពោធិ៍សាត់ ខេម៉ា | ដើមអម្ពិល

To Top