ព័ត៌មានអន្តរជាតិ

​ អ៊ីរ៉ង់​ ជំរុញឱ្យប្រទេសប៊ុលហ្គារី និងស៊ីប​ កុំអនុញ្ញាតឱ្យសហរដ្ឋអាមេរិក​ ប្រើប្រាស់មូលដ្ឋានទ័ព​ សម្រាប់ការវាយប្រហារប្រឆាំងនឹងអ៊ីរ៉ង់

តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi បានជំរុញឱ្យប្រទេសប៊ុលហ្គារី និងស៊ីប​ កុំអនុញ្ញាតឱ្យសហរដ្ឋអាមេរិក ប្រើប្រាស់មូលដ្ឋានទ័ពនៅលើទឹកដី របស់ពួកគេ​ សម្រាប់ការវាយប្រហារប្រឆាំងនឹងអ៊ីរ៉ង់ ។

នៅក្នុងការហៅទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសប៊ុលហ្គារី លោក Velislava Petrova លោក Araghchi បានឧ្យដឹងថា ការអនុម័តរបស់សភាប៊ុលហ្គារី​ ចំពោះការដាក់ពង្រាយយន្តហោះដឹកប្រេង របស់សហរដ្ឋអាមេរិកនៅមូលដ្ឋានទ័ពអាកាស Bezmer ដើម្បីគាំទ្រ “ប្រតិបត្តិការឈ្លានពានប្រឆាំងនឹងអ៊ីរ៉ង់” គឺជាការរំលោភលើច្បាប់អន្តរជាតិ និងចំណងមិត្តភាពទ្វេភាគី។

លោកបានលើកឡើងពីសេចក្តីសម្រេចលេខ ៣៣១៤ របស់មហាសន្និបាតអង្គការសហប្រជាជាតិ ដែលចាត់ទុកថាការធ្វើឱ្យទឹកដីអាចប្រើប្រាស់បាន​ សម្រាប់ការឈ្លានពានប្រឆាំងនឹងរដ្ឋទីបី​ ជាទង្វើឈ្លានពាន។

លោក Petrova បានលេីកឡេីងថា ប្រទេសប៊ុលហ្គារី​ មិនមានបំណងចូលរួមក្នុងសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់នោះទេ ហើយគាំទ្រការទូត​ ដើម្បីកាត់បន្ថយភាពតានតឹងក្នុងតំបន់។

នៅក្នុងការហៅទូរស័ព្ទដាច់ដោយឡែកមួយជាមួយរដ្ឋមន្ត្រីការបរទេសស៊ីប លោក Constantinos Kombos លោក Araghchi បានសង្កត់ធ្ងន់លើតម្រូវការក្នុងការទប់ស្កាត់ «ការរំលោភបំពាន» មូលដ្ឋានទ័ពបរទេសនៅក្នុងប្រទេសស៊ីប​ ចំពោះការឈ្លានពានប្រឆាំងនឹងអ៊ីរ៉ង់៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top