ព័ត៌មានអន្តរជាតិ

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ របស់កូរ៉េខាងជើង ៖ ការពង្រីកចំនួនកងទ័ពអាមេរិកនៅប្រទេសជប៉ុន ធ្វើឱ្យហានិភ័យ នៃការប៉ះទង្គិចគ្នា នៅឧបទ្វីបកូរ៉េ មានកម្រិតកាន់តែខ្ពស់

បរទេស៖ អត្ថបទវិចារណកថា មួយដែលចុះផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃសុក្រ គឺបានរិះគន់ការពង្រីកបញ្ជាការ កងកម្លាំងសហរដ្ឋអាមេរិកនៅជប៉ុន ដោយព្រមានថា ការប៉ះទង្គិចគ្នានៅឧបទ្វីបកូរ៉េឥឡូវនេះ គឺជាបញ្ហាពេលវេលាជាជាងគ្រាន់តែជាលទ្ធភាពមួយ។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ថា អត្ថបទវិចារណកថា នេះបាននិយាយថា ការកើនឡើង នៃបុគ្គលិកទីស្នាក់ការកណ្តាលកងកម្លាំង សហរដ្ឋអាមេរិកនៅជប៉ុនបានបង្ហាញថា បញ្ជាការនេះកំពុងក្លាយជា “បញ្ជាការសង្គ្រាម” ពេញលេញ ហើយបានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថា កំពុងរៀបចំកងកម្លាំងការពារខ្លួនរបស់ជប៉ុនសម្រាប់ជម្លោះនៅអាស៊ីប៉ាស៊ីហ្វិក។

ការអត្ថាធិប្បាយទាំងនេះ បានកើតឡើងបន្ទាប់ពីការកត់សម្គាល់របស់ឧត្តមសេនីយ៍ឯក Stephen Jost មេបញ្ជាការកងកម្លាំងសហរដ្ឋអាមេរិកនៅជប៉ុន ដែលបានប្រាប់កាសែត Asahi របស់ជប៉ុនថា បុគ្គលិកទីស្នាក់ការកណ្តាលត្រូវបានបង្កើនចំនួន ២១៥ នាក់ពីមួយឆ្នាំមុន ដើម្បីពង្រឹងមុខងារបញ្ជាការ និងកែលម្អការសម្របសម្រួលជាមួយសម្ព័ន្ធមិត្តអាមេរិក។

KCNA បានឱ្យដឹងថា កិច្ចសហប្រតិបត្តិការយោធាថ្មីៗនេះ របស់សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន បានធ្វើឱ្យភាពតានតឹងក្នុងតំបន់កើនឡើង ហើយកងកម្លាំងសហរដ្ឋអាមេរិកនៅជប៉ុនទំនងជាស្ថិត ក្នុងចំណោមកងកម្លាំងជំនួយដំបូងដែលដាក់ពង្រាយនៅលើឧបទ្វីបកូរ៉េក្នុងករណីមានជម្លោះ។ អត្ថបទវិចារណកថានេះក៏បានចោទប្រកាន់ទៅលើទីក្រុងវ៉ាស៊ីនតោនពីបទ «ការធ្វើសកម្មភាពយោធាប្រថុយប្រថាន» ដែលបង្ហាញពីភាពត្រឹមត្រូវនៃការអភិវឌ្ឍសមត្ថភាពនុយក្លេអ៊ែរ របស់ខ្លួនជាការរារាំងផងដែរ។
ប្រែសម្រួលៈ ណៃ តុលា

To Top