ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ៖ វិស័យឧស្សាហកម្មផ្គុំដំឡើងរថយន្ត រួមចំណែកប្រែក្លាយ រចនាសម្ព័ន្ធសេដ្ឋកិច្ចកម្ពុជា
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានគូសបញ្ជាក់ពីសារសំខាន់ នៃវិស័យឧស្សាហកម្មផ្គុំដំឡើងរថយន្ត ក្នុងការរួមចំណែកប្រែក្លាយ រចនាសម្ព័ន្ធសេដ្ឋកិច្ចកម្ពុជា។
ការលើកឡើងរបស់ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ស្តីពី «វឌ្ឍនភាពនៃការវិនិយោគលើវិស័យផ្គុំដំឡើងរថយន្តនៅកម្ពុជា» នៅថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២៦។

ដើម្បីធានាថា ការវិនិយោគលើការផ្គុំដំឡើងរថយន្តនៅកម្ពុជា រក្សាបាននូវវឌ្ឍនភាពជាបន្តបន្ទាប់ ព្រមទាំងបន្តបង្កើនបរិយាកាសអំណោយផលក្នុងការជំរុញ និងលើកទឹកចិត្ត ដល់ការពង្រីកទុនវិនិយោគបន្ថែមនាពេលខាងមុខ លោកឧបនាយករដ្ឋមន្ត្រី ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ឡើងវិញ ពីជំហរយ៉ាងរឹងមាំរបស់រាជរដ្ឋាភិបាល ក្នុងការបន្តគាំទ្រ និងសម្របសម្រួលជានិច្ច ដល់គ្រប់ផ្នែកពាក់ព័ន្ធទាំងអស់។
ជាមួយគ្នានោះ លោក ក៏បានគូសបញ្ជាក់អំពី សារសំខាន់នៃវិស័យឧស្សាហកម្មផ្គុំដំឡើងរថយន្ត ក្នុងការរួមចំណែកប្រែក្លាយរចនាសម្ព័ន្ធសេដ្ឋកិច្ចកម្ពុជា ឱ្យឆ្ពោះទៅរកឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់ ដែលប្រើប្រាស់បច្ចេកវិទ្យាទំនើប និងបង្កើតការងារជំនាញជូនដល់បងប្អូនប្រជាពលរដ្ឋផងដែរ។

កិច្ចប្រជុំបានបញ្ចប់ទៅដោយក្នុងបរិយាកាសស្និទ្ធស្នាល និងសហការខ្ពស់ ដោយទទួលបាននូវការប្តេជ្ញាចិត្តរួមគ្នារវាងរាជរដ្ឋាភិបាល និងវិស័យឯកជន ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ ក្នុងគោលដៅប្រែក្លាយកម្ពុជា ឱ្យទៅជាមជ្ឈមណ្ឌលផលិតកម្ម និងដំឡើងយានយន្តដ៏មានសមត្ថភាព និងភាពប្រកួតប្រជែងមួយនៅក្នុងតំបន់៕









