Feature

ក្នុងសម័យប្រជុំ UNESCO! ថៃ មិនហ៊ានឆ្លើយតប ដោយត្រង់ទៅលើ ការបំពាននិងការបំផ្លិចបំផ្លាញ សម្បត្តិបេតិកភណ្ឌ

ភ្នំពេញ៖ នៅក្នុងសម័យប្រជុំ UNESCO ដែលប្រព្រឹត្តិទៅនៅទីក្រុង ប៊ូសាន សាធារណរដ្ឋកូរ៉េ ដោយមានចូលរួមពី ប្រទេសជាសមាជិក ចំនួន១៦២ រួមទាំងអង្គការអន្តរជាតិ ដៃគូនិងស្ថាប័នសង្កេតការណ៍ តំណាងគណៈប្រតិភូថៃ មិនហ៊ានឆ្លើយតបដោយត្រង់ ទៅលើការបំពាន និង ការបំផ្លិចបំផ្លាញសម្បត្តិបេតិកភណ្ឌ ដែលបង្កឡើងដោយយោធាថៃ កន្លងទៅនោះទេ ។

យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃសម័យប្រជុំ គណៈកម្មាធិការបេតិកភណ្ឌពិភពលោកលើកទី៤៨ បានឱ្យដឹងថា សម័យប្រជុំ បានអនុម័តជាឯកច្ឆ័ន្ទ ថ្កោលទោសលើការបំផ្លិចបំផ្លាញ សម្បត្តិបេតិកភណ្ឌ ពិភពលោកទាំងឡាយ ក្នុងពេលជម្លោះប្រដាប់អាវុធ តាមសេចក្ដីសម្រេចចិត្តដែលបានសម្រេចនៅ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ដូចមានចែងនៅក្នុងអនុសញ្ញាទីក្រុងឡាអេឆ្នាំ១៩៥៤ ស្ដីពីកិច្ចការពារ សម្បត្តិវប្បធម៌នៅក្នុងព្រឹត្តិការណ៍ នៃជម្លោះប្រដាប់អាវុធ និងអនុសញ្ញាទីក្រុងប៉ារីសឆ្នាំ១៩៧០ ស្តីពី វិធានការហាមឃាត់ និងទប់ស្កាត់ការនាំចូល ការនាំចេញ និងការផ្ទេរកម្មសិទ្ធិសម្បត្តិវប្បធម៌ដោយ ខុសច្បាប់ និងការអនុវត្តសេចក្តីសម្រេច ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិលេខ ២១៩៩ (២០១៥) ២២៥៣ (២០១៥) និង ២៣៤៧ (២០១៧)។ សម័យប្រជុំក៏បានអំពាវនាវឱ្យរដ្ឋភាគី ដែលកំពុងមានជម្លោះ ធានានូវការការពារសម្បត្តិបេតិកភណ្ឌ និងបញ្ចៀសការប្រើប្រាស់ តំបន់បេតិកភណ្ឌ សម្រាប់គោលដៅយោធា។

ថ្លែងក្នុងសម័យប្រជុំ ក្នុងនាមជាស្ថាប័នដៃគូ របស់អង្គការ UNESCO គណៈប្រតិភូ បានគូសបញ្ជាក់ អំពីការបំផ្លិចបំផ្លាញតំបន់បេតិកភណ្ឌពិភពលោក នៅតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលតម្រូវឱ្យមាន ការទទួលខុសត្រូវ និងការថ្កោលទោស ស្របតាមច្បាប់អន្តរជាតិ។ គណៈប្រតិភូ ក៏បានលើកឡើងអំពី សារៈសំខាន់នៃការតភ្ជាប់អរិយធម៌ និងតំបន់បេតិកភណ្ឌពិភពលោក តាមរយៈបណ្តាញមិត្តភាពក្រុង បេតិកភណ្ឌ (ancient sister city) ដើម្បីលើកកម្ពស់សន្តិភាព និងការផ្សះផ្សាជម្លោះ ព្រមទាំងបាន ជំរុញឱ្យមានការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ក្នុងការការពារនិងអភិរក្សបេតិកភណ្ឌវប្បធម៌។

ដោយឡែក គណៈប្រតិភូថៃ បានស្នើសុំឆ្លើយតបភ្លាមៗ ហើយប្រធានសម័យប្រជុំ បានអនុញ្ញាត ឱ្យថ្លែងតែ ១នាទីប៉ុណ្ណោះ។ តំណាងគណៈប្រតិភូមិនហ៊ានឆ្លើយតបដោយត្រង់ទៅលើការបំពាន និង ការបំផ្លិចបំផ្លាញសម្បត្តិបេតិកភណ្ឌ ដែលបង្កឡើងដោយយោធាថៃកន្លងទៅនោះទេ ប៉ុន្តែបានថ្លែង ការពារខ្លួនថា ប្រទេសថៃ ផ្ដោតទៅលើការការពារតំបន់ទ្រនាប់ ជុំវិញតំបន់ស្នូលបេតិកភណ្ឌទាំងមូល មិនមែនតែតួប្រាសាទមួយផ្នែកទេ ក្នុងន័យទាមទារថា ប្រទេសថៃ នៅតែមានចំណែកក្នុងការចូលរួម ការពារបេតិកភណ្ឌពិភពលោក និងបន្តសហការជាមួយប្រទេសផ្សេងៗ នៅក្នុងតំបន់៕

To Top