ព័ត៌មានជាតិ

សម្តេចធិបតី ឱ្យបន្តលើកកម្ពស់ការអប់រំឌីជីថល ដើម្បីរួមចំណែកកសាងពលរដ្ឋឌីជីថល

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំឱ្យបន្តលើកកម្ពស់ការអប់រំឌីជីថល ដើម្បីរួមចំណែកដល់ការកសាងពលរដ្ឋឌីជីថល និងបង្កើនសមត្ថភាពសិស្សនិស្សិតលើវិស័យឌីជីថល។

នាឱកាសអញ្ជើញជាអធិបតី ប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី និងសម្ពោធអគារសិក្សា នៃសាកលវិទ្យាល័យ ភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅថ្ងៃព្រហស្បតិ៍ ទី៦ ខែសីហា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍមូលធនមនុស្ស ឱ្យឆ្លើយតបកាន់តែប្រសើរ ទៅនឹងការកើនឡើងនៃការប្រកួតប្រជែង ក្នុងទីផ្សារការងារ ព្រមទាំងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ជាពិសេស ក្នុងបរិការណ៍នៃការប្រកួតប្រជែងលើគ្រប់ទិដ្ឋភាព, ទាំងភូមិសាស្ត្រនយោបាយ សេដ្ឋកិច្ច និង ពាណិជ្ជកម្ម ក៏ដូចជាការរីកលូតលាស់យ៉ាង ឆាប់រហ័សនៃបច្ចេកវិទ្យា, ការអភិវឌ្ឍវិស័យសង្គមសេដ្ឋកិច្ច ដែលលម្អៀងទៅរកការ ប្រើប្រាស់បច្ចេកវិទ្យា និងការផ្លាស់ប្តូរនិម្មាបនកម្មសកល ក្នុងគោលបំណងចម្បងបង្កើនភាពធន់ និងកសាងសង្គមសេដ្ឋកិច្ចឌីជីថលរឹងមាំ។

សម្ដេចធិបតី មានប្រសាសន៍ថា «លើកកម្ពស់ការអប់រំឌីជីថល ដើម្បីរួមចំណែកដល់ការកសាងពលរដ្ឋ ឌីជីថល និងបង្កើនសមត្ថភាពសិស្សនិស្សិតលើវិស័យឌីជីថល សំដៅបង្កើនប្រសិទ្ធភាពនៃការបង្រៀន និងការរៀនតាមប្រព័ន្ធឌីជីថល ព្រមទាំងលើកកម្ពស់ដល់ស្វ័យសិក្សារបស់សិស្សនិស្សិត»។

សម្ដេចធិបតី បន្ថែមថា ដោយត្រូវសហការ ជាមួយក្រសួង ប្រៃសណីយ៍ និងទូរគមនាគមន៍ ធ្វើការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធឌីជីថល នៅតាមសាលារៀន សម្រាប់ជំរុញការបណ្ដុះបណ្តាលតាមប្រព័ន្ធអនឡាញ សំដៅសម្រេចបានការអប់រំប្រកប ដោយនិរន្តរភាព និង បរិយាប័ន្ន ព្រមទាំងលើកទឹកចិត្តឱ្យមានការសិក្សាស្រាវជ្រាវ និង ការរៀនមួយជីវិតសម្រាប់ទាំងអស់គ្នា៕

To Top