Feature

កម្ពុជា-JICA ផ្សព្វផ្សាយលទ្ធផល នៃគម្រោងរៀបចំផែនការ អភិវឌ្ឍន៍វិស័យ ទឹកស្អាតទីប្រជុំជន

ភ្នំពេញ ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិនៃប្រទេសជប៉ុន (JICA) នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ លទ្ធផលនៃការអនុវត្ត «គម្រោងរៀបចំផែនការ អភិវឌ្ឍន៍វិស័យទឹកស្អាតទីប្រជុំជន» ដែលជាគម្រោងសហប្រតិបត្តិការ បច្ចេកទេសរយៈពេល៣ឆ្នាំ ក្នុងគោលបំណងពង្រឹង ការធ្វើផែនការរយៈពេលវែង សមត្ថភាពស្ថាប័ន និងការគ្រប់គ្រងវិស័យទឹកស្អាតទី ប្រជុំជននៅកម្ពុជា។

គម្រោងបានបង្កើតឧបករណ៍គោលនយោបាយ និង ផែនការសំខាន់ៗ រួមមានគោលការណ៍ណែនាំ ស្តីពីការអភិវឌ្ឍវិស័យ ទឹកស្អាតទីប្រជុំជន គោលដៅគោល នយោបាយចំនួន២១ ផែនការសកម្មភាពអាទិភាព គោលការណ៍ណែនាំ ស្តីពីការរៀបចំផែនការ ផែនការអភិវឌ្ឍន៍ទឹកស្អាតទីប្រជុំជន ថ្នាក់ខេត្តជាគំរូសម្រាប់ខេត្តកំពត និងខេត្តព្រៃវែង និងផែនការមេរបស់រដ្ឋាករទឹកកំពត ។

គម្រោងក៏បានពង្រឹងសមត្ថភាពមន្ត្រីជំនាញរបស់ក្រសួង និងមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍រាជធានី-ខេត្ត ព្រមទាំងរដ្ឋាករទឹកសាធារណៈ តាមរយៈការចុះសិក្សាដល់មូលដ្ឋាន សិក្ខាសាលាបច្ចេកទេស ការបណ្តុះបណ្តាលនៅប្រទេសជប៉ុន និងការរៀបចំផែនការរួមគ្នា។

ថ្លែងក្នុងពិធីបើកសិក្ខាសាលា លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានកោតសរសើរចំពោះរាជរដ្ឋាភិបាលជប៉ុន និង JICA សម្រាប់ភាពជាដៃគូដ៏រឹងមាំ និងយូរអង្វែងជាមួយកម្ពុជា។

លោក រដ្ឋមន្ត្រី បានលើកឡើងថា «កម្មវិធីថ្ងៃនេះ គឺជាការផ្សព្វផ្សាយសមិទ្ធផលនៃគម្រោង និងជាការបើកទំព័រថ្មីមួយ សម្រាប់ការអភិវឌ្ឍវិស័យទឹកស្អាតនៅកម្ពុជា។ ឯកសារទាំងអស់ ដែលគម្រោងសម្រេចបាន មិនមែនគ្រាន់តែជា របាយការណ៍ដែលរៀបចំឡើងសម្រាប់គម្រោងនេះប៉ុណ្ណោះទេ តែវាជាឧបករណ៍សម្រាប់ការគ្រប់គ្រង និងការធ្វើផែនការជាក់ស្តែង ដែលនឹងរួមចំណែកដល់វិស័យទឹកស្អាត របស់កម្ពុជារហូតដល់ឆ្នាំ២០៤០»។

លោក បានជំរុញឱ្យរដ្ឋាករទឹកសាធារណៈ និងមន្ទីររាជធានី-ខេត្តប្រើប្រាស់ គោលការណ៍ណែនាំទាំងនេះ យ៉ាងសកម្មក្នុងការរៀបចំផែនការវិនិយោគនាពេលអនាគត និងផែនការមេរបស់រដ្ឋាករទឹកនីមួយៗ ព្រមទាំងបានលើកទឹកចិត្តដល់ដៃគូអភិវឌ្ឍន៍ឱ្យផ្តល់ជំនួយស្របតាមទិសដៅជាតិ ដើម្បីពង្រឹងការសម្របសម្រួល និងពន្លឿនវឌ្ឍនភាពឆ្ពោះទៅរកការទទួលបានសេវាផ្គត់ផ្គង់ទឹកស្អាតប្រកបដោយសុវត្ថិភាព និងនិរន្តរភាព។

លោក Sanui Kazumasa ប្រធានតំណាងទីភ្នាក់ងារ JICA ប្រចាំកម្ពុជា បានលើកឡើងថា សារសំខាន់នៃគម្រោងនេះ មិនត្រឹមតែស្ថិតនៅលើសមិទ្ធផល បច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅលើសមត្ថភាពស្ថាប័ន និងធនធានមនុស្ស ដែលត្រូវបានពង្រឹងតាមរយៈកិច្ចសហប្រតិបត្តិការ រយៈពេល៣ឆ្នាំកន្លងមក។

សូមបញ្ជាក់ថា គម្រោងក៏មាន បំណងពង្រឹងសមត្ថភាពក្រសួងក្នុងការធ្វើនិយ័តកម្ម និងត្រួតពិនិត្យការផ្តល់សេវា របស់រដ្ឋាករទឹក និងប្រតិបត្តិករទឹកស្អាត ព្រមទាំងពង្រឹងការគ្រប់គ្រងវិស័យទឹកស្អាតនៅថ្នាក់រាជធានី-ខេត្ត។ លទ្ធផលនៃគម្រោងផ្តល់ឱ្យកម្ពុជានូវក្របខ័ណ្ឌរួមមួយ ដើម្បីប្រែក្លាយគោលដៅរយៈពេលវែងនៃវិស័យទឹកស្អាត ទៅជាផែនការ ការវិនិយោគ និងការអនុវត្តប្រកបដោយការសម្របសម្រួល៕

To Top