ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក​ លុបចោលទិដ្ឋាការជាង ១៧៥,០០០ ចាប់តាំងពីការចាប់ផ្ដេីមអាណត្តិទីពីររបស់លោក ដូណាល់​ ត្រាំ

វ៉ាស៊ីនតោន៖​ ក្រសួងការបរទេសសហរដ្ឋអាមេរិក​ បានប្រកាសថា ខ្លួនបានលុបចោលទិដ្ឋាការជាង ១៧៥,០០០ ចាប់តាំងពីខែមករា ឆ្នាំ២០២៥ នៅពេលដែលប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានចាប់ផ្តើមអាណត្តិទីពីររបស់លោក។

ក្រសួងបានឧ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ទិដ្ឋាការភាគច្រើនទាំងនេះ ត្រូវបានលុបចោលដោយសារតែការ ប្រឈមមុខដាក់គ្នា រវាងការអនុវត្តច្បាប់​ សម្រាប់សកម្មភាពឧក្រិដ្ឋកម្មជាច្រើន ដោយការវាយប្រហារ ការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង ការលួច និងឧក្រិដ្ឋកម្មគ្រឿងញៀន ជាមូលហេតុចម្បង”។

សេចក្តីថ្លែងការណ៍នេះបានឧ្យដឹងថា “ទិដ្ឋាការភាគច្រើនត្រូវបានលុបចោលដោយសារតែការបើកបរដោយមិនប្រុងប្រយ័ត្ន ការរំលោភបំពានផ្លូវភេទ ការរំលោភបំពានលើកុមារ ការក្លែងបន្លំ និងការកិបកេងប្រាក់ និងឧក្រិដ្ឋកម្មផ្សេងៗទៀត”។

សេចក្តីថ្លែងការណ៍បានបន្ថែមថា “ទិដ្ឋាការសហរដ្ឋអាមេរិក​ គឺជាឯកសិទ្ធិ មិនមែនជាសិទ្ធិទេ។ ក្រសួងនៅតែប្តេជ្ញាចិត្តក្នុងការប្រើប្រាស់ឧបករណ៍ទាំងអស់​ ដែលមានដើម្បីការពារសហគមន៍របស់យើងពីអ្នកដែលរំលោភបំពានវា”។

ចាប់តាំងពីលោក ត្រាំ បានវិលត្រឡប់មកកាន់សេតវិមានវិញ រដ្ឋបាលរបស់លោកបានរឹតបន្តឹងគោលនយោបាយអន្តោប្រវេសន៍ ដោយបង្ក្រាបជនអន្តោប្រវេសន៍ដែលគ្មានឯកសារ និងបង្កើនការត្រួតពិនិត្យអ្នកកាន់ទិដ្ឋាការសហរដ្ឋអាមេរិក៕

To Top