សម្តេចធិបតី អញ្ជើញសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវសមិទ្ធផលនានា នៅក្រុងស្ទឹងត្រែង
ស្ទឹងត្រែង ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញជាអធិបតីសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវសមិទ្ធផលនានា នៅក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២៦។

សូមបញ្ជាក់ថា ខេត្តស្ទឹងត្រែង ជាខេត្តមួយស្ថិតនៅភាគឦសាន នៃប្រទេសកម្ពុជា មានព្រំប្រទល់ខាងជើង ជាប់ខេត្តពីរនៃប្រទេសឡាវ គឺខេត្តចំប៉ាសាក់ និងខេត្តអត្តពឺ មានបណ្តោយព្រំដែនប្រមាណ ២៥៥គីឡូម៉ែត្រ ចាប់ពីបង្គោលព្រំដែនលេខ២៩ ដល់បង្គោលព្រំដែនលេខ៩៧ ខាងត្បូងជាប់ខេត្តក្រចេះ និងខេត្តមណ្ឌលគិរី ខាងកើតជាប់ខេត្តរតនគិរី និងខាងលិចជាប់ខេត្តព្រះវិហារ និងខេត្តកំពង់ធំ ។ ខេត្តស្ទឹងត្រែង ជាតំបន់ខ្ពង់រាប មានវាលទំនាប និងភ្នំខ្ពស់ៗនៅទិសឦសាន ។
ខេត្តមានទន្លេបួនហូរកាត់ ហើយទន្លេមេគង្គកាត់ចំកណ្តាលខេត្ត ពីជើងទៅត្បូងចាប់ពីព្រំប្រទល់ប្រទេសឡាវដល់ខេត្តក្រចេះ ជាប្រភពនៃធនធានមច្ឆជាតិ និងប្រព័ន្ធជីវៈចម្រុះ។

ខេត្តស្ទឹងត្រែង មានផ្ទៃដី១២.០១៦គីឡូម៉ែត្រការ៉េ ផ្ទៃដីព្រៃឈើជាង ៦០ភាគរយ ចែកជា៦ក្រុងស្រុក ៣៤ឃុំសង្កាត់ និង១៣៧ភូមិ មានប្រជាជនសរុប ១៩១.០៧១នាក់ ស្មើនឹង៤៦.០៨៣គ្រួសារ ប្រជាជនមានអាយុ១៨ឆ្នាំឡើង ១១៨.៦៤២នាក់ មានអត្រាកំណើនប្រចាំឆ្នាំ៥ភាគរយ ដង់ស៊ីតេប្រជាជន១៦នាក់ ក្នុង១គីឡូម៉ែត្រការ៉េ៕









