ក្រសួងមហាផ្ទៃ ជំរុញរដ្ឋបាលរាជធានី-ខេត្ត បន្តពន្លឿន ការដោះស្រាយ និងកំណត់ព្រំប្រទល់ រដ្ឋបាលដែនដី ឱ្យចប់សព្វគ្រប់ត្រឹមខែវិច្ឆិកា
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានជំរុញ និងដោះស្រាយបញ្ហាព្រំប្រទល់រដ្ឋបាលរាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ ឱ្យបានចប់សព្វគ្រប់យ៉ាងយូរត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខ។
តាមលិខិតរបស់ ក្រសួងមហាផ្ទៃ នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ កន្លងមក ក្រសួងមហាផ្ទៃ បានដាក់ចេញគោលការណ៍ និងលិខិតណែនាំជាបន្តបន្ទាប់ ដើម្បីជំរុញការពិនិត្យ ការ កំណត់ និងការដោះស្រាយបញ្ហាព្រំប្រទល់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ឱ្យបាន ច្បាស់លាស់ត្រឹមត្រូវ និងស្របតាមលិខិតបទដ្ឋានគិតយុត្តជាធរមាន។
ក្រសួង បន្ថែមថា ជាលទ្ធផល រដ្ឋបាលថ្នាក់ក្រោមជាតិ ភាគច្រើនបានយកចិត្តទុកដាក់សហការពិនិត្យ ផ្ទៀងផ្ទាត់ និងដោះស្រាយដោយបានឯកភាពគ្នាលើខ្សែព្រំប្រទល់ រដ្ឋបាលរបស់ខ្លួនបានត្រឹមត្រូវគួរឱ្យកត់សម្គាល់។
ក្រសួង បន្ដថា ទោះជាយ៉ាងណាក៏នៅមានរដ្ឋបាលថ្នាក់ក្រោមជាតិមួយចំនួន មិនទាន់បានចាត់ចែងអនុវត្តឱ្យបានត្រឹមត្រូវស្របតាមគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនៅឡើយ ដោយបានព្រមព្រៀងនិងឯកភាពគ្នាកំណត់ ឬកែប្រែព្រំប្រទល់រដ្ឋបាលនៅត្រឹមដែនសមត្ថកិច្ចថ្នាក់រដ្ឋបាលរបស់ខ្លួន ដែលជាការអនុវត្តផ្ទុយពីគោលការណ៍ច្បាប់ ឬជាទង្វើមិនស្របច្បាប់ដែលមានបញ្ញត្តិក្នុងជំពូកទី២ ផ្នែកទី៥ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។
ផ្អែកតាមស្មារតីមាត្រា៧ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និង មាត្រា៦ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ បានកំណត់ថា “ការបង្កើត ការលុបចោល និងការកែប្រែ ព្រំប្រទល់ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ ត្រូវសម្រេចដោយអនុក្រឹត្យ តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ”។ ចំណែកឯ “ការបង្កើត ការលុបចោល និងការកែប្រែព្រំប្រទល់រាជធានី ខេត្ត ត្រូវសម្រេចដោយព្រះរាជក្រឹត្យ តាមសំណើរបស់នាយករដ្ឋមន្ត្រី តាមសេចក្តីស្នើសុំពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ” ដោយអនុលោមតាមមាត្រា៦ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ៕









