សម្ដេចធិបតី ៖ ប្រឡងបាក់ឌុបឆ្នាំនេះ មានភាពល្អប្រសើរ ធានាបានសន្ដិសុខ ទូទាំងប្រទេស
ស្ទឹងត្រែង ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានមានប្រសាសន៍ថា ដំណើរការសំណេរ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) មានភាពល្អប្រសើរ ដោយធានាបានសន្ដិសុខ សម្រាប់បេក្ខជនប្រឡងនៅទូទាំងប្រទេស។
ការលើកឡើងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវសមិទ្ធផលនានា នៅក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង នាថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២៦។
ទន្ទឹមនឹងនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះ ក្រសួងអប់រំ យុវជន និងកីឡា និងភាគីពាក់ព័ន្ធទាំងអស់ បានរៀបចំដំណើរការប្រឡងនេះ ប្រព្រឹត្តទៅបានយ៉ាងរលូនល និងទទួលបានលទ្ធល្អ។
សម្ដេចធិបតី បានគូសបញ្ជាក់ថា «ការអនុវត្តដឹកនាំការប្រឡងនេះបានល្អ ហើយខ្ញុំសូមធ្វើការកោតសរសើរដល់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានផ្ដួចផ្ដើម និងចាប់ផ្ដើមកិច្ចការងារនេះ (ប្រឡងបាក់ឌុប) ក៏ដូចជា ការចូលរួមអនុវត្តពីគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ ជាពិសេស លោកគ្រូ អ្នកគ្រូ នៅគ្រប់កន្លែងទាំងអស់ ក្នុងការដឹកនាំរៀបចំបានល្អជាពិសស ក្នុងការធានា ស្ថិរភាព សន្ដិសុខ បរិស្ថាន សម្រាប់ក្មួយៗ បានប្រឡងទូទាំងប្រទេស»។
សូមរំលឹកថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦ ក្រសួងអប់រំ យុវជន និងកីឡា គ្រោងនឹងប្រកាសលទ្ធផលប្រឡងនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ សម្រាប់រាជធានីខេត្ត ទូទាំងប្រទេស ព្រមទាំងមានផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការក្រសួងអប់រំ យុវជន និងកីឡា៕









