ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីអ៊ីរ៉ង់ លើកឡើងថា ក្រុងតេហរ៉ង់ត្រៀមរួចរាល់ ក្នុងការបង្កើនគ្រប់កិច្ច សហប្រតិបតិ្តការ ជាមួយនឹងប៉ាគីស្ថាន

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ប្រធានាធិបតីអ៊ីរ៉ង់លោក Masoud Pezeshkian កាលពីថ្ងៃអង្គារ បានសម្តែងការត្រៀម ខ្លួនរបស់ប្រទេស លោក ក្នុងការធ្វើឱ្យស៊ីជម្រៅ និងពង្រីកកិច្ចសហប្រតិបត្តិការ ទ្វេភាគីជាមួយប៉ាគីស្ថានក្នុងវិស័យផ្សេងៗ។

លោកបានធ្វើការកត់សម្គាល់នេះនៅក្នុងកិច្ចប្រជុំមួយ ជាមួយនឹងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីមហាផ្ទៃប៉ាគីស្ថានលោក Mohsin Naqvi ខណៈពេលដែលបង្ហាញពី ទំនាក់ទំនងដ៏ល្អ និងចំណងដ៏ស៊ីជម្រៅ រវាងប្រទេសទាំងពីរ នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែលបានចេញផ្សាយនៅលើគេហទំព័រ របស់ការិយាល័យ របស់លោក Pezeshkian ។

ប្រធានាធិបតីអ៊ីរ៉ង់បានចង្អុលបង្ហាញស៊ីជម្រៅទំនាក់ទំនងប្រវត្តិសាស្ត្រ វប្បធម៌ និងប្រជាជនរវាងប្រទេសទាំងពីរ ដោយសង្កត់ធ្ងន់ថា ទីក្រុងតេហរ៉ង់យកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះចំណាប់អារម្មណ៍ របស់មន្ត្រីប៉ាគីស្ថាន ក្នុងការលើកកម្ពស់សាមគ្គីភាព និងទំនាក់ទំនងជាមួយអ៊ីរ៉ង់។

លោកបានបង្ហាញពីឆន្ទៈរបស់អ៊ីរ៉ង់ក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងរបស់ខ្លួនជាមួយប៉ាគីស្ថានលើគ្រប់វិស័យដែលមានផលប្រយោជន៍រួម និងរៀបចំមូលដ្ឋានសម្រាប់ការអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការរួមគ្នា។

លោក Pezeshkian បាននិយាយថា ការអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ អាចជួយការពារផលប្រយោជន៍ទៅវិញទៅមករបស់ប្រទេសទាំងពីរ និងពង្រឹងស្ថិរភាព និងសន្តិសុខក្នុងតំបន់៕

ប្រែសម្រួល៖ស៊ុនលី

To Top