Feature

លោក ឃួង ស្រេង ជម្រុញឱ្យពង្រឹង សន្តិសុខសណ្ដាប់ធ្នាប់ ជូនពលរដ្ឋ និងការផ្ដល់សេវាឱ្យកាន់តែល្អប្រសើរ

ភ្នំពេញ៖​ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យអាជ្ញាធរខណ្ឌ សង្កាត់ ត្រូវបន្តពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ជាមួយនិងការជម្រុញផ្ដល់សេវា ជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរមួយកម្រិតថែមទៀត ខណៈប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ បាននិងកំពុងរស់នៅក្នុងបែបស៊ីវីល័យ ។

ការជំរុញបែបនេះរបស់លោក ឃួង ស្រេង បានធ្វើឡើងក្នុងកិច្ចប្រជុំសាមញ្ញ លើកទី២៧ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ ក្រោមអធិបតីភាព លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦នេះ នៅសាលារាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានលើកឡើងថា រដ្ឋបាលរាជធានីភ្នំពេញ​ បានខិតខំប្រឹងប្រែងខ្លាំងណាស់ ដើម្បីស្ដារនិងអភិវឌ្ឍន៍រាជធានីភ្នំពេញ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ទៅតាមការណែនាំរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដើម្បីឱ្យប្រទេសកម្ពុជា ក្លាយជាប្រទេស​ ដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០ បើទោះបីមានបញ្ហាជម្លោះជាមួយនិងប្រទេសថៃ ប៉ុន្តែវាមិនបានរំខាន ដល់ការដើរទៅមុខរបស់កម្ពុជាឡើយ។

លោក ឃួង ស្រេង បានណែនាំកងកម្លាំងមានសមត្ថកិច្ច​ ក៏ដូចជាអាជ្ញាធរខណ្ឌសង្កាត់ទាំងអស់ ត្រូវពង្រឹងកិច្ចការពារសន្តិសុខ ជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ ជាមួយនឹងការអភិវឌ្ឍមូលដ្ឋាន ឱ្យកាន់តែរីកចម្រើន ខណៈដែលប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ​កំពុងរស់ក្នុងបែបស៊ីវិល័យ ដែលទាមទារឱ្យមន្ត្រីដែលជាអ្នកបម្រើប្រជាពលរដ្ឋ ត្រូវតែមានភាពស៊ីវីល័យ ដូច្នោះដែរ។

ជាមួយគ្នានេះ លោក​ ឃួង ស្រេង ក៏បានណែនាំឱ្យបន្តពិនិត្យលើការងារ នៃការផ្ដល់សេវាជូនប្រជាពលរដ្ឋនៅតាមច្រកចេញ ចូលតែមួយ នៅថ្នាក់ខណ្ឌ សង្កាត់ ឱ្យកាន់តែល្អប្រសើរទៅតាមអនុសាសន៍ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត គឺធ្វើឱ្យលឿន ធ្វើឱ្យលះ បើស្ទះសុំយោបល់។

ក្នុងកិច្ចប្រជុំនោះរលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានស្នើឱ្យអាជ្ញាធរថ្នាក់មូលដ្ឋានទាំងអស់ ចុះធ្វើការងារជាមួយ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ (គ.ក.ស.ក) នៅតាមខណ្ឌ សង្កាត់នៅរាជធានីភ្នំពេញ ដើម្បីជម្រុញឱ្យ (គ.ក.ស.ក) ខណ្ឌ សង្កាត់ដំណើរការទៅដោយរលូន និងទទួលបានជោគជ័យ ខណៈដែលនៅរាជធានីភ្នំពេញ របស់យើងបានជួយលើសកម្មភាពការងារ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ នៅរាជធានីភ្នំពេញបានចំណាត់ថ្នាក់លេខ១៕

To Top