គណៈរដ្ឋមន្ត្រីថៃ ប្រកាសពីអាទិភាព សុវត្ថិភាពសាលារៀន បន្ទាប់ពីការបាញ់ប្រហារដ៏ធំមួយ

បាងកក៖ គណៈរដ្ឋមន្ត្រីថៃ បានអនុម័តសំណើ របស់ក្រសួងអប់រំ ដើម្បីលើកកម្ពស់សុវត្ថិភាព សាលារៀនទៅជារបៀបវារៈជាតិ បន្ទាប់ពីការបាញ់ប្រហារដ៏ធំនៅវិទ្យាល័យមួយ នៅខាងក្រៅទីក្រុងបាងកកកាលពីសប្តាហ៍មុន ដែលបានសម្លាប់មនុស្ស ៩នាក់។
លោកស្រី Patdarasm Thongsaluaykorn អ្នកនាំពាក្យរងរដ្ឋាភិបាលបានឧ្យដឹងថា ចលនានេះមានគោលបំណងពង្រឹងការបង្ការ និងការឆ្លើយតបនៅតាមស្ថាប័នអប់រំជាប្រព័ន្ធ ការពារកុមារ គ្រូបង្រៀន និងបុគ្គលិកអប់រំទូទាំងប្រទេស។
ក្រោមសេចក្តីប្រកាសរបស់ក្រសួង ដែលមានប្រសិទ្ធភាពភ្លាមៗ លោកស្រី Patdarasm បានឧ្យដឹងថា សាលារៀនទាំងអស់ត្រូវបានកំណត់ជា “តំបន់សុវត្ថិភាពសាលារៀន” ហើយត្រូវតែបង្កើតមជ្ឈមណ្ឌលសម្រាប់ការពារសិទ្ធិ សេរីភាព និងសុវត្ថិភាពនៅក្នុងបរិវេណរបស់ពួកគេ រៀបចំ និងហាត់សមផែនការឆ្លើយតបបន្ទាន់ និងសម្របសម្រួលជាមួយប៉ូលីស និងភ្នាក់ងារផ្សេងទៀត។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោកស្រី បាននិយាយថា ស្នូល នៃវិធីសាស្រ្តនេះគឺការទប់ស្កាត់ហានិភ័យ មុនពេលមានឧប្បត្តិហេតុកើតឡើង តាមរយៈការស្វែងរក និង ការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងចំពោះអាវុធ វត្ថុខុសច្បាប់ និងវត្ថុគ្រោះថ្នាក់មុនពេលចូល រួមជាមួយនឹងប្រព័ន្ធគាំទ្រ សុខភាពផ្លូវចិត្តដែលគ្របដណ្តប់ទាំងសុខុមាលភាពរាងកាយ និងផ្លូវចិត្តរបស់សិស្ស គ្រូបង្រៀន និងបុគ្គលិក៕
ប្រែសម្រួល ឈូក បូរ៉ា








