ព័ត៌មានអន្តរជាតិ

ចិន​ ជំរុញឱ្យប្រទេសពាក់ព័ន្ធ​ បញ្ឈប់ការរំលោភបំពាន យន្តការគ្រប់គ្រងអាវុធពហុភាគី

ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិនឧ្យដឹងថា សេចក្តីថ្លែងការណ៍រួមរបស់សហរដ្ឋអាមេរិក និងប្រទេសពាក់ព័ន្ធនៅឯសន្និសីទ​ ស្តីពីការរំសាយអាវុធត្រូវបានជំរុញដោយហេតុផលនយោបាយតែប៉ុណ្ណោះ ដោយបន្ថែមថា ប្រទេសចិន​ ជំរុញឱ្យប្រទេសពាក់ព័ន្ធបញ្ឈប់ការរំលោភបំពាន យន្តការគ្រប់គ្រងអាវុធពហុភាគី។

យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ នៅក្នុងសន្និសីទ​ ស្តីពីការរំសាយអាវុធនៅថ្ងៃទី១១​ ខែសីហា សហរដ្ឋអាមេរិក និងប្រទេសពាក់ព័ន្ធបានធ្វើសេចក្តីថ្លែងការណ៍រួមមួយ ដោយចោទប្រកាន់ថា សកម្មភាពសាកល្បងមីស៊ីលថ្មីៗនៅក្នុងតំបន់ប៉ាស៊ីហ្វិក​ មិនបានអនុវត្តតាម “ការអនុវត្តស្តង់ដារ” ដើម្បីផ្តល់ការជូនដំណឹងជាមុន ដែលបង្កើនហានិភ័យនៃការគណនាខុស និងធ្វើឱ្យខូចស្ថិរភាពនៅក្នុងតំបន់ ហើយប្រទេសពាក់ព័ន្ធគួរតែអនុវត្តក្រមប្រតិបត្តិទីក្រុងឡាអេ​ ប្រឆាំងនឹងការរីកសាយមីស៊ីលផ្លោង។ គេជឿថា សេចក្តីថ្លែងការណ៍រួមនេះ​ គឺសំដៅលើការសាកល្បងបាញ់មីស៊ីលផ្លោង ដែលបាញ់ចេញពីនាវាមុជទឹករបស់ប្រទេសចិន​ កាលពីខែកក្កដា។

នៅពេលត្រូវបានសួរសុំការ អត្ថាធិប្បាយ អ្នកនាំពាក្យចិនលោក Guo Jiakun បានឧ្យដឹងថា អ្វីដែលហៅថាសេចក្តីថ្លែងការណ៍រួមរបស់សហរដ្ឋអាមេរិក និងប្រទេសពាក់ព័ន្ធនៅឯសន្និសីទ​ ស្តីពីការរំសាយអាវុធ ដែលបានបង្ហាញក្រមប្រតិបត្តិទីក្រុងឡាអេ​ ប្រឆាំង នឹងការរីកសាយភាយមីស៊ីលផ្លោង និងសំដៅទៅលើការបាញ់សាកល្បង មីស៊ីលរបស់ប្រទេសចិន ត្រូវបានជំរុញដោយហេតុផលនយោបាយតែមួយគត់ ហើយបង្ហាញយ៉ាងពេញលេញអំពី ភាពលាក់ពុត និងស្តង់ដារពីររបស់ពួកគេ។

លោកបានបន្ថែមថា ប្រទេសចិន​ ជំរុញឱ្យប្រទេសពាក់ព័ន្ធបញ្ឈប់ការរំលោភបំពានយន្តការ គ្រប់គ្រងអាវុធពហុភាគី ជំនួសការប្រឈមមុខដាក់គ្នាមិនសមហេតុផលជាមួយនឹងការសន្ទនាដោយស្មោះត្រង់ និងបង្កើតលក្ខខណ្ឌចាំបាច់​ សម្រាប់បង្កើនការសន្ទនា និងការផ្លាស់ប្តូរក្នុងវិស័យគ្រប់គ្រងអាវុធ៕

To Top