សម្តេចតេជោ ៖ ស្វាមី-ភរិយាបែកបាក់លែងគ្នា មិនត្រូវជេរហែកហួរលើបណ្តាញសង្គម

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា មានប្រសាសន៍ថា បើប្តី-ប្រពន្ធឈ្លោះប្រកែករហូតទាស់ទែងលែងលះគ្នា ត្រូវបញ្ឈប់ការជេរប្រមាថហែកហួរនៅតាមបណ្តាញសង្គមហ្វេសប៊ុក ជៀសវាងភាពមិនល្អ និងទុកកិត្តិយសដល់កូនៗរបស់ខ្លួន។
ក្នុងកិច្ចប្រជុំជាមួយប្រតិភូ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ សម្តេចតេជោ មានប្រសាសន៍ថា បច្ចុប្បន្នម្នាក់ៗ ឱ្យតែមានបញ្ហាអ្វីកើតឡើង គឺយកបណ្តាញសង្គមធ្វើជាត្រីមុខ ដើម្បីបញ្ចេញអារម្មណ៍ផ្ទាល់ខ្លួន ។ ជាក់ស្តែង សម្តេចតេជោមានប្រសាសន៍ សង្កត់ធ្ងន់ថា បើសិនជាគូស្វាមីភរិយារស់នៅមិនចុះសម្រុងនឹងគ្នា ហើយមានការបែកបាក់ដោយប្រកាន់ណាមួយ មិនគួរជេរហែកហួរគ្នាតាមបណ្តាញសង្គមនោះទេ ព្រោះកាលណាជេរប្រមាថគ្នាត្រឹមតែមួយនាទី ឬត្រឹមមួយម៉ោង នឹងមានអ្នកសម្រុកចូលមើល និងបញ្ចេញមតិទាំងល្អនិងមិនល្អយ៉ាងច្រើនកុះករ ។
សម្តេចតេជោបន្តថា “ខ្ញុំសូមអំពាវនាវឱ្យស្រ្តីទាំងឡាយ បុរសទាំងឡាយប្រសិនបើការបែកបាក់ទៅ សូមកុំហែកកេរ្តិ៍គ្នាបានទេ ទុកកិត្តិយសឱ្យកូន ឱ្យចៅ ។ ប្រសិនបើយើងយកទៅហែកកេរ្តិ៍ទាំងអស់ តើកូនរបស់យើង រងគ្រោះរបៀបម៉េចទៅថ្ងៃក្រោយ ផ្ទះយើងរបៀបម៉េច ស្នេហារបៀបម៉េចមិនគួរ ត្រូវបានលាតត្រដាង បើសិនជាយើងមិនខ្មាស់កូនយើងវាខ្មាស់” ។
សម្តេចតេជោបន្ថែមថា បើមានជម្លោះផ្ទៃក្នុងគ្រួសារ មិនត្រូវជេរប្រមាថគ្នាតាមបណ្តាញសង្គមនោះទេ គួរដោះស្រាយតាមសន្តិវិធី ដើម្បីទុកឱកាសរាប់អានគ្នាជាបងប្អូនល្អជាងការជេរនិងបែកបាក់ដោយមើលមុខគ្នាមិនចំ ៕








