ព័ត៌មានជាតិ

សម្តេចតេជោ ៖ ក្រុមប្រឹក្សាជាតិ ដើម្បីស្រ្តី ត្រូវធ្វើជាដើមបណ្តឹង ការពារស្រ្តីរងគ្រោះ ពីការជេរប្រមាថ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាមានប្រសាសន៍ថា ក្រុមប្រឹក្សាជាតិ ដើម្បីស្រ្តី ត្រូវតែធ្វើជាដើមបណ្តឹង ដើម្បីការពារស្រ្តីរងគ្រោះ ពីការជេរប្រមាថនានា នៅតាមបណ្តាញសង្គមនាពេលបច្ចុប្បន្ន ។

ក្នុងកិច្ចប្រជុំជាមួយប្រតិភូ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ សម្តេចតេជោ មានប្រសាសន៍ថា បច្ចុប្បន្នការជេរប្រមាថគ្នា នៅតាមបណ្តាញសង្គមនានាមានគ្រប់រូបភាព ជាពិសេសរវាងស្រ្តីនិងស្រ្តី បុរស និងបុរស ហើយបុរសនិងស្រ្តី ។ ដូច្នេះ ក្រុមប្រឹក្សាជាតិដើម្បីស្រ្តី មានតូនាទីការពារសិទ្ធិស្រ្តី ត្រូវធ្វើជាដើមបណ្តឹងការពារស្រ្តីពីការជេរប្រមាថ និងមាក់ងាយនានា ។

សម្តេចតេជោមានប្រសាសន៍ថា “ខ្ញុំសូមចាប់ពីនេះទៅ ក្រុមប្រឹក្សាជាតិដើម្បីស្រី ពិសេស គឺក្រសួងកិច្ចការនារី ត្រូវតែធ្វើជាដើមបណ្តឹង នៅពេលណាដែលមានការប៉ះពាល់ ទោះបីជាជេរចំពោះបុគ្គលក៏ដោយ ប៉ុន្តែអ្នកឯងជេររបៀបនេះ មិនអាចអត់ឱនឱ្យបានទេ ហេតុអីមិនព្រមធ្វើ ប្រើពាក្យអាក្រក់” ។

សម្តេចតេជោមានប្រសាសន៍ថា សម្តេចមិនចេញបទបញ្ជាទេ ប៉ុន្តែត្រូវតែធ្វើជាដើមបណ្តឹង ហើយត្រូវស្នើសុំជាគោលការណ៍ពីនាយករដ្ឋមន្រ្តី ក្នុងការធ្វើជាដើមបណ្តឹង ព្រោះរាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់ស្រ្តី៕

To Top