រដ្ឋបាលខេត្តកំពង់ឆ្នាំង បន្ដបញ្ចប់មុខតំណែងមន្ត្រីរាជការ ១រូបទៀត ពាក់ព័ន្ធភាពមិនប្រក្រតី នៃដំណើរការរៀបចំ និងអនុវត្តគម្រោងមូលនិធិឃុំ

កំពង់ឆ្នាំង ៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ចេញដីកាបញ្ចប់មុខតំណែងលោក កែវ វ៉ាន់នី ពីនាយករងទីចាត់ការផែនការ និងវិនិយោគសាលាខេត្ត មកជាមន្ត្រីការិយាល័យគ្រប់គ្រងបុគ្គលិក នៃទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្តកំពង់ឆ្នាំង។
សូមរំលឹកថា កាលពីថ្ងៃទី១២ សីហា រដ្ឋបាលខេត្តកំពង់ឆ្នាំង ចេញដីកាបញ្ចប់មុខតំណែងមន្ត្រីរាជការ ចំនួន ២រូប ពាក់ព័ន្ធភាពមិនប្រក្រតី នៃដំណើរការរៀបចំនិងអនុវត្តគម្រោងមូលនិធិឃុំ នៃខេត្តកំពង់ឆ្នាំង។
មន្ដ្រីទាំងពីររូបនោះ រួមមាន ៖
ទី១. លោក ហង្ស ពិសី ពីនាយកទីចាត់ការផែនការ និងវិនិយោគសាលាខេត្ត មកជាមន្ត្រីការិយាល័យគ្រប់គ្រងបុគ្គលិក នៃទីចាត់ការគ្រប់គ្រងធនធានមនុស្ស សាលាខេត្តកំពង់ឆ្នាំង
ទី២. លោក វ៉ាន់ ថេន ពីនាយកទីចាត់ការអន្តរវិស័យសាលាខេត្ត មកជាមន្ត្រីការិយាល័យគ្រប់គ្រងបុគ្គលិក នៃទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្តកំពង់ឆ្នាំង។
ជាមួយគ្នានេះ អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ នឹងបន្តស្វែងរកឫសគល់នៃបញ្ហា និងអ្នកពាក់ព័ន្ធនានា មកអនុវត្តតាមច្បាប់។
ជាមួយគ្នានេះ អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ នឹងបន្តស្វែងរកឫសគល់នៃបញ្ហា និងអ្នកពាក់ព័ន្ធផ្សេងៗទៀត មកអនុវត្តតាមច្បាប់ផងដែរ៕










