លោក ឃួន ផុនរតនៈ អបអរសាទរ និងលើកទឹកចិត្តដល់យុវជន ក្នុងកម្មវិធី IAGYC 2026

ភ្នំពេញ ៖ លោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ បានថ្លែងសុន្ទរកថាអបអរសាទរ និងលើកទឹកចិត្តដល់យុវជន ក្នុងកម្មវិធី 2nd I-ASEAN Global Camp 2026 (IAGYC 2026) ក្រោមប្រធានបទ «A Sustainable Future of Peace and Coexistence Shaped by Asian Youth» រៀបចំដោយការិយាល័យអប់រំនៃទីក្រុងអ៊ីនឆន់ និងវិទ្យាស្ថានអប់រំសកលអាស៊ីបូព៌ា នៅទីក្រុងអ៊ីនឆន់ សាធារណរដ្ឋកូរ៉េ។

កម្មវិធី IAGYC 2026 គឺជាកម្មវិធីបោះជំរំយុវជន ដែលមានការចូលរួមពីយុវជន មកពីទីក្រុងអ៊ីនឆន់ និងបណ្តាប្រទេសសមាជិកអាស៊ានទាំង ១១ ដើម្បីធ្វើការងារជាក្រុម និងផ្លាស់ប្តូរវប្បធម៌ បង្កើនការយល់ដឹង និងការគោរពគ្នាទៅវិញទៅមក ព្រមទាំងជំរុញស្មារតីអត់ឱន និងការសហការលើគម្រោង និងសកម្មភាពនានា។ កម្មវិធីនេះ ក៏មានគោលបំណងលើកកម្ពស់ការយល់ដឹងរបស់យុវជន អំពីសារៈសំខាន់នៃសាមគ្គីភាព ការយោគយល់ និងសន្តិភាព ព្រមទាំងជំរុញឱ្យពួកគេចូលរួមចំណែកក្នុងការកសាងអនាគតប្រកបដោយសន្តិភាព និរន្តរភាព និងវិបុលភាព ក្នុងនាមជាពលរដ្ឋសកល ។

ក្នុងឱកាសថ្លែងសុន្ទរកថាអបអរសាទរ ឯកអគ្គរាជទូត បានអបអរសាទរចំពោះយុវជនមកពីទីក្រុងអ៊ីនឆន់ និងប្រទេសសមាជិកអាស៊ានទាំង ១១ ដែលបានចូលរួមក្នុងកម្មវិធីបោះជំរំនេះ ព្រមទាំងលើកទឹកចិត្តឱ្យយុវជនបន្តរក្សាសាមគ្គីភាព និងមិត្តភាពដើម្បីរួមចំណែកកសាងសន្តិភាព និងការយោគយល់គ្នានៅក្នុងតំបន់។ លោកក៏បានគូសបញ្ជាក់ថា សន្តិភាព ការរួមរស់ដោយសុខដុមរមនា និងការអភិវឌ្ឍប្រកបដោយចីរភាព គឺជាការទទួលខុសត្រូវរួមរបស់ទាំងអស់គ្នា ហើយការពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ជាពិសេសតាមរយៈយុវជន គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការកសាងភាពជាដៃគូយូរអង្វែងរវាងអាស៊ាន និងសាធារណរដ្ឋកូរ៉េ៕















