Feature

ព្រះមហាក្សត្រ នឹងយាងសម្ពោធវិមានសាមគ្គីភាព ព្រឹទ្ធសភាកម្ពុជា

ភ្នំពេញ ៖ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានថ្លែងថា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា សព្វព្រះរាជហឬទ័យស្តេចយាងសម្ពោធអគារវិមានសាមគ្គីភាពនៃព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ខាងមុខ ។

លោក ជា ធីរិទ្ធ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ថា គម្រោងដែលព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ស្តេចយាងសម្ពោធអគារវិមានសាមគ្គីភាពនៃព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ខាងមុខនោះ ដោយសាជាពេលវេលាដែលព្រះករុណាជាអង្គសព្វព្រះរាជហឫទ័យ ក្រោយព្រះរាជសុខភាពព្រះអង្គបានល្អប្រសើរ។
លោកបន្តថា អគារវិមានសាមគ្គីភាពដែលបញ្ចប់ការសាងសង់នៅដើមឆ្នាំ២០២៦ គឺជាវិមាន កសាងឡើងដោយផ្អែកតាមរចនាបទរបស់ខ្មែរទាំងស្រុងនោះ ដឹកនាំកសាងដោយសម្តេចអគ្គមសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា។

អ្នកនាំពាក្យព្រឹទ្ធសភាបន្ថែមថា ក្រោយបញ្ចប់ការសាងសង់អគារវិមានសាមគ្គីភាពនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានអញ្ជើញជាអធិបតីពិធីក្រុងពលី និងសូត្រមន្តឡើងអគារវិមានសាមគ្គីភាព កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦។

លោកបញ្ជាក់ថា “ពិធីសូត្រមន្តដែលយើងបានធ្វើកាលពីដើមឆ្នាំ២០២៦ គ្រាន់តែជាការសូត្រមន្តដើម្បីប្រើប្រាស់បណ្តោះអាសន្ន ។ ដូចដែលយើងបានដឹងថា ព្រះករុណា ព្រះជាអម្ចាស់ជីវិតតម្កល់លើត្បូងស្តេចសព្វព្រះរាជហឬទ័យកន្លងមកដែរ ដោយសារព្រះអង្គព្រះប្រឈួនលើកពេលវិញ រង់ចាំពេលដែលព្រះរាជសុខភាពរបស់ព្រះអង្គល្អប្រសើរឡើងវិញ ប៉ុន្តែពេលនេះ ព្រះរាជសុខភាពរបស់ទ្រង់ល្អប្រសើរឡើងវិញ ទើបព្រះអង្គសព្វព្រះរាជហឬទ័យស្តេចយាងសម្ពោធ”។

សូមបញ្ជាក់ថា អគារព្រឹទ្ធសភាថ្មីនេះ មានទំហំបណ្ដោយ៧៩ម៉ែត្រ ទទឹង៤៧ម៉ែត្រ កម្ពស់៤ជាន់ ត្រូវបានប្រារព្ធពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤៕

To Top