Feature

ក្រសួងមហាផ្ទៃ ៖ រាល់ការផ្តល់សេវាអត្តសញ្ញាណកម្ម ត្រូវឈរលើគោលការណ៍តម្លាភាព និងសាមញ្ញ ជូនពលរដ្ឋ

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ បានធ្វើការណែនាំមន្ដ្រីក្រោមឱវាទថា រាល់ការផ្តល់សេវាអត្តសញ្ញាណកម្ម ត្រូវឈរលើគោលការណ៍តម្លាភាព ផ្តល់សេវាងាយស្រួល និងសាមញ្ញ ជូនប្រជាពលរដ្ឋ។

ការណែនាំរបស់ លោកឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត បានធ្វើឡើងក្នុងពិធីបើក «វគ្គបំពាក់បំប៉នតម្រង់ទិសលើការងារសំខាន់ៗ សម្រាប់ថ្នាក់ដឹកនាំ និងមន្ត្រី នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម» វគ្គ២។ ពិធីនេះមានការអញ្ជើញចូលរួមពី លោក-លោកស្រី អគ្គនាយករង លោក លោកស្រី ប្រធាននាយកដ្ឋានចំណុះអគ្គនាយកដ្ឋាន ព្រមទាំងគ្រូឧទ្ទេស ថ្នាក់ដឹកនាំ និងមន្ត្រីជាសិក្ខាកាម សរុបចំនួន ៥១៦រូប នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងមហាផ្ទៃ។

វគ្គបំពាក់បំប៉ននេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹង និងលើកកម្ពស់ចំណេះដឹង សមត្ថភាព វិន័យ ក្រមសីលធម៌វិជ្ជាជីវៈ និងការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំ និងមន្ត្រី ព្រមទាំងផ្តល់ការតម្រង់ទិសអំពីតួនាទី ភារកិច្ច របៀបរបបការងារ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យអត្តសញ្ញាណកម្ម។

តាមរយៈវគ្គនេះ សិក្ខាកាមនឹងទទួលបានចំណេះដឹង និងបទពិសោធន៍បន្ថែម ដើម្បីយកទៅអនុវត្តក្នុងការងារជាក់ស្តែង កែលម្អប្រសិទ្ធភាពការងារ ពង្រឹងកិច្ចសហការរវាងអង្គភាព និងលើកកម្ពស់គុណភាពនៃការផ្តល់សេវាអត្តសញ្ញាណកម្មជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ ឆាប់រហ័ស តម្លាភាព និងប្រកបដោយទំនុកចិត្ត។

ថ្លែងក្នុងពិធីនេះ លោក អគ្គនាយក បានណែនាំដល់សិក្ខាកាមទាំងអស់ឱ្យយកចិត្តទុកដាក់សិក្សា ចូលរួមពិភាក្សា ចែករំលែកបទពិសោធន៍ និងយកចំណេះដឹងដែលទទួលបានទៅអនុវត្តក្នុងការងារប្រចាំថ្ងៃឱ្យមានប្រសិទ្ធភាព។

លោក អគ្គនាយក បានគូសបញ្ជាក់ថា «ជាពិសេស ត្រូវប្រកាន់ខ្ជាប់នូវវិន័យ ក្រមសីលធម៌វិជ្ជាជីវៈ ស្មារតីសាមគ្គីភាព និងឆន្ទៈបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់ និងការទទួលខុសត្រូវខ្ពស់ ធានាថារាល់ការផ្តល់សេវាអត្តសញ្ញាណកម្ម ត្រូវឈរលើគោលការណ៍តម្លាភាព ផ្តល់សេវាងាយស្រួល និងសាមញ្ញ ស្របតាមពាក្យស្លោក «បេ្ដជ្ញាបម្រើប្រជាពលរដ្ឋឱ្យកាន់តែល្អ» ៕

To Top