រដ្ឋមន្រ្តីសុខាភិបាល ៖ ក្នុងស្ថានភាពលំបាក ឬមិនប្រាកដប្រជា មេដឹកនាំត្រូវបម្លែងខ្លួន ឱ្យក្លាយទៅជាស្ពាន

ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានលើកឡើងថា នៅក្នុងស្ថានភាពលំបាក ឬមិនប្រាកដប្រជា មេដឹកនាំត្រូវបម្លែងខ្លួនឱ្យក្លាយទៅជាស្ពាន សម្រាប់គាំទ្រក្រុមការងារ ឱ្យជំនះបាននូវឧបសគ្គទាំងនោះ ។

ក្នុងឱកាសដឹកនាំវគ្គភាពអ្នកដឹកនាំ និងនវានុវត្តន៍លើកទី១២៨ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ លោកសាស្ត្រាចារ្យ ឈាង រ៉ា បានរាយការណ៍ពីលទ្ធផល នៃការចូលរួម របស់ក្រសួងសុខាភិបាល នៅក្នុងកិច្ចប្រជុំសមាជិកសភាតំបន់អាស៊ីប៉ាស៊ីហ្វិកលើកទី៩ និងថ្លែងកោតសរសើរ ដល់មន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ ដែលបានរួមគ្នាពង្រឹងវិស័យសុខាភិបាលនាពេលកន្លងមក រហូតទទួលបាននូវការកោតសរសើរ ពីថ្នាក់ដឹកនាំអង្គការសុខភាពពិភពលោកថ្នាក់តំបន់។

សាស្រ្តាចារ្យរដ្ឋមន្រ្តីពន្យល់បន្ថែមពីការគ្រប់គ្រង និងដឹកនាំការងារនៅក្នុងស្ថានភាពដែលមិនប្រាកដប្រជា ទាំងក្នុងការងារថែទាំព្យាបាល ការងារសុខភាពសាធារណៈ និងការងារ ដឹកនាំនៅក្នុងវិស័យសុខាភិបាល និងបានជំរុញឱ្យអ្នកដឹកនាំនៅក្នុងវិស័យ សុខាភិបាលបង្កើននូវភាពប្រាកដប្រជានៅក្នុងខ្លួន តាមរយៈការសិក្សាស្វែងយល់ពីបញ្ហាដែលអាចនឹងកើតមាន ដើម្បីកាត់បន្ថយជាអតិបរមា នូវផលប៉ះពាល់ជាអវិជ្ជមានដែលបណ្តាលមកពីភាពមិនប្រាកដប្រជា។

ជាមួយគ្នានេះ មណ្ឌលសុខភាពអង្គភ្នំតូច ដែលស្ថិតនៅក្នុងការិយាល័យសុខាភិបាល ស្រុកប្រតិបត្តិអង្គរជ័យ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពត ក៏បានចែករំលែកនូវវឌ្ឍនភាពរបស់មណ្ឌលសុខភាព ក្នុងការបម្រើសេវាសុខាភិបាល និងបានក្លាយជាមណ្ឌលសុខភាពគំរូនៅឆ្នាំ២០២៥ និងបានរំលេចនូវការតាំងចិត្តរបស់ខ្លួនក្នុងការផ្តល់សេវា ២៤ម៉ោងក្នុង១ថ្ងៃ និង៧ថ្ងៃក្នុង១សប្តាហ៍ ព្រមទាំងការរក្សាសាមគ្គីភាពផ្ទែក្នុង និងកិច្ចសហការចូលរួមរបស់សហគមន៍៕
















