អាមេរិក អាចនឹងបន្ដការចរចាជាមួយអ៊ីរ៉ង់ លេីចំណុចមួយចំនួន ដែលមិនទាន់ត្រូវគ្នា

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានលើកឡើងថា ការចរចាជាមួយទីក្រុងតេអេរ៉ង់ អាចចាប់ផ្តើមឡើងវិញ «នៅចំណុចណាមួយ» ដោយអះអាងថា ស្ថានភាពជាមួយអ៊ីរ៉ង់ «មានភាពល្អណាស់»។
លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មានថា «ឥឡូវនេះ ខ្ញុំគិតថាស្ថានភាពល្អណាស់» ដោយនិយាយឡើងវិញនូវការអះអាងរបស់លោកថា សហរដ្ឋអាមេរិក កំពុងកាន់កាប់ និងគ្រប់គ្រងទាំងស្រុងនៃច្រកសមុទ្រហ័រមូស ដែលត្រូវបានបិទភ្លាមៗបន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមយុទ្ធនាការយោធាដ៏ធំមួយប្រឆាំងនឹងអ៊ីរ៉ង់នៅថ្ងៃទី២៨ ខែកុម្ភៈ។
លោក ត្រាំ ក៏បានបញ្ជាក់ម្តងទៀតថា អាទិភាពរបស់ទីក្រុងវ៉ាស៊ីនតោន គឺការទប់ស្កាត់អ៊ីរ៉ង់ ពីការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ។
CNN បានរាយការណ៍ដោយដកស្រង់សម្ដីមន្រ្តីអាមេរិក ថា លោក ត្រាំ បានប្រាប់ក្រុមអ្នកចរចារបស់លោក ឱ្យបញ្ឈប់ការសន្ទនាជាមួយអ៊ីរ៉ង់។
លោក ដូណាល់ ត្រាំ បានប្រកាសនៅលើបណ្តាញសង្គមកាលពីថ្ងៃអង្គារថា «មិនមានការចរចា ឬការសន្ទនាណាមួយកំពុងដំណើរការ ឬបានកំណត់ពេល» រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់នោះទេ ខណៈដែលការបិទផ្លូវកងទ័ពជើងទឹកសហរដ្ឋអាមេរិក «នៅតែមានប្រសិទ្ធភាពពេញលេញ»៕
ប្រែសម្រួល ឈូក បូរ៉ា








