ព័ត៌មានអន្តរជាតិ

​ ប្រមុខយូអិន​ ថ្កោលទោសអ៊ីស្រាអែល ចំពោះការកាន់កាប់ មជ្ឈមណ្ឌលបណ្តុះបណ្តាលរបស់ខ្លួន​ នៅភាគខាងកើតក្រុងយេរូសាឡឹម

អង្គការសហប្រជាជាតិ ៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានថ្កោលទោសអ៊ីស្រាអែល ចំពោះការកាន់កាប់មជ្ឈមណ្ឌលបណ្តុះបណ្តាល របស់ស្ថាប័នពិភពលោកនៅភាគខាងកើត ក្រុងយេរូសាឡឹម។

លោកអគ្គលេខាធិការ​ បានថ្កោលទោសយ៉ាងខ្លាំង​ ចំពោះសកម្មភាពនាពេលបច្ចុប្បន្ននេះដោយអាជ្ញាធរអ៊ីស្រាអែល រួមទាំងកងកម្លាំងសន្តិសុខ ដែលបានចូល និងស្នាក់នៅដោយខុសច្បាប់នៅមជ្ឈមណ្ឌលបណ្តុះបណ្តាល Kalandia របស់ស្ថាប័ន UNRWA នៅភាគខាងកើតក្រុងយេរូសាឡឹម​ ដែលកាន់កាប់ និងអនុវត្តការងារដែលគ្មានការ អនុញ្ញាតនៅក្នុងបរិវេណទាំងនោះ។

លោក Stephane Dujarric អ្នកនាំពាក្យសំខាន់ របស់លោក Guterres បានឧ្យដឹងថា​ បុគ្គលិក UNRWA មានវត្តមាននៅក្នុងមជ្ឈមណ្ឌលនៅពេល ដែលអាជ្ញាធរអ៊ីស្រាអែលចូលដោយគ្មានការអនុញ្ញាត។

លោកបានលេីកឡេីងថា​ UNRWA គឺជាទីភ្នាក់ងារសង្គ្រោះ និងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីននៅតំបន់ជិតបូព៌ា។​ “លោកអគ្គលេខាធិការមានការ​ព្រួយបារម្ភយ៉ាងខ្លាំង​ ចំពោះការវិវត្តនេះ ព្រោះវានឹងដកហូតការអប់រំវិជ្ជាជីវៈដល់យុវជនដែលពួកគេកំពុងទទួលបាន​ អស់រយៈពេលជាង ៧០ ឆ្នាំមកហើយ មជ្ឈមណ្ឌលនេះបានគាំទ្រដល់ជនភៀសខ្លួនប៉ាឡេស្ទីនរាប់ពាន់នាក់តាមរយៈការអប់រំវិជ្ជាជីវៈ និងផ្លូវទៅកាន់ការងារ»។

អ្នកនាំពាក្យរូបនេះបានបន្ដថា បុគ្គលិក UNRWA ប្រហែល ២០ នាក់ ដែលមានវត្តមាននៅមជ្ឈមណ្ឌលនៅពេលមានការចូលដោយគ្មានការអនុញ្ញាត ត្រូវបានអនុញ្ញាតឱ្យចាកចេញ។

លោកបានបន្ថែមថា អគ្គលេខាធិការបានជំរុញឱ្យរដ្ឋាភិបាលអ៊ីស្រាអែលបញ្ឈប់ការជ្រៀតជ្រែកជាមួយទីតាំង UNRWA ជាបន្ទាន់ ចាកចេញ និងប្រគល់ទីតាំងដែលរងផលប៉ះពាល់ទាំងអស់ទៅអង្គការសហប្រជាជាតិដោយមិនបង្អង់យូរ និងការពារទីតាំងទាំងនោះពីការជ្រៀតជ្រែក ឬការខូចខាតបន្ថែមទៀត៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top