ព័ត៌មានអន្តរជាតិ

សហភាពអឺរ៉ុប​ គួរតែបន្តការប្រកួតប្រជែង ដោយមិត្តភាព​ ជាមួយប្រទេសចិន មិនមែនរបាំងពាណិជ្ជកម្មនោះទេ

បរទេស៖​ នាយករដ្ឋមន្ត្រីស្លូវ៉ាគី លោក Robert Fico បានឧ្យដឹងថា សហភាពអឺរ៉ុប គួរតែបន្ត «ការប្រកួតប្រជែងដោយមិត្តភាព» ជាមួយប្រទេសចិន ជាជាងចាត់ទុកប្រទេសនេះ ជាសត្រូវ និងដាក់របាំងពាណិជ្ជកម្ម។

លោក Fico បានធ្វើការកត់សម្គាល់នេះ បន្ទាប់ពីកិច្ចពិភាក្សានៅទីក្រុង Bratislava ជាមួយប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Antonio Costa ដែលបានចាប់ផ្តើមដំណើរទស្សនកិច្ចប្រចាំឆ្នាំ របស់លោកទៅកាន់រដ្ឋធានីសហភាពអឺរ៉ុបនៅស្លូវ៉ាគី។ ការពិភាក្សារបស់អ្នកទាំងពីរ​ បានគ្របដណ្តប់លើថវិការយៈពេលវែងបន្ទាប់ របស់សហភាពអឺរ៉ុប ការប្រកួតប្រជែង តម្លៃថាមពល និងការពង្រីក។

លោក Fico បានលេីកឡេីងថា ស្លូវ៉ាគីមានការព្រួយបារម្ភអំពីសមត្ថភាព របស់សហភាពអឺរ៉ុបក្នុងការប្រកួតប្រជែងទូទាំងពិភពលោក ដោយអះអាងថា ការប្រកួតប្រជែងកាន់តែខ្លាំងមិនគួរមានន័យថាការដាក់ពន្ធ ឬរបាំងថ្មីនោះទេ ប៉ុន្តែផ្ទុយទៅវិញ ខិតខំធ្វើឱ្យបានល្អប្រសើរ និងល្អជាងប្រទេសដទៃទៀត។

លោកបានបន្ដថា «ខ្ញុំមានទស្សនៈខុសគ្នា អំពីទំនាក់ទំនងរវាងសហភាពអឺរ៉ុប និងប្រទេសចិន។ ខ្ញុំមិនគិតថាយើងគួរតែប្រយុទ្ធប្រឆាំង នឹងប្រទេសចិនដោយដាក់របាំង និងចាត់ទុកវាជាសត្រូវនោះទេ​ ប្រទេសចិន​ គឺជាប្រទេសមួយដែលយើង គួរតែប្រកួតប្រជែងក្នុងស្មារតីមិត្តភាព និងខិតខំធ្វើឱ្យបានល្អប្រសើរ»។

ស្តីពីថវិការយៈពេលវែងបន្ទាប់របស់សហភាពអឺរ៉ុប លោក Fico បានលេីកឡេីងថា ស្លូវ៉ាគីគាំទ្រការរក្សាគោលនយោបាយសាមគ្គីភាពដ៏រឹងមាំមួយ ដើម្បីកាត់បន្ថយភាពខុសគ្នាក្នុងតំបន់នៅទូទាំងប្លុក។

លោកបន្ថែមថា​ “យើងថែមទាំងនិយាយថា មូលនិធិបន្ថែមមួយចំនួនគួរតែត្រូវបានស្វែងរកសម្រាប់ប្រទេសនានានៅភាគខាងកើតនៃសហភាពអឺរ៉ុប ដែលជាឧទាហរណ៍ មានព្រំដែនជាប់ជាមួយអ៊ុយក្រែន»​ លោកបន្ថែមថា គោលនយោបាយកសិកម្មដ៏រឹងមាំគឺជាអាទិភាពសំខាន់មួយទៀតរបស់ស្លូវ៉ាគី៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top