អ៊ីស្រាអែល បណ្ដេញតំណាងហូឡង់ ចេញពីទីស្នាក់ការកណ្តាល សម្របសម្រួលតំបន់ហ្គាហ្សា ដោយសារចលនាប្រឆាំងនឹងទីក្រុងយេរ៉ូសាឡឹម
យេរូសាឡឹម៖ រដ្ឋមន្ត្រីការបរទេស អ៊ីស្រាអែល លោក Gideon Sa’ar បានឧ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកបានសម្រេចចិត្តបណ្តេញ តំណាងហូឡង់ចេញពីមជ្ឈមណ្ឌលសម្របសម្រួលស៊ីវិល-យោធាដឹកនាំដោយសហរដ្ឋអាមេរិកនៅ Kiryat Gat ភាគខាងត្បូងអ៊ីស្រាអែលជាបន្ទាន់។
មជ្ឈមណ្ឌលនេះត្រូវបាន បង្កើតឡើងក្នុងខែតុលា ឆ្នាំ២០២៥ ក្រោមកិច្ចព្រមព្រៀងឈប់បាញ់ ដើម្បីសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងរក្សាស្ថិរភាព និងជំនួយមនុស្សធម៌ នៅក្នុងតំបន់ហ្គាហ្សា។
លោកបានកត់សម្គាល់ថា ការសម្រេចចិត្តនេះ ដែលត្រូវបានអនុម័តដោយ នាយករដ្ឋមន្ត្រី បេនចាមីន ណេាន់យ៉ាហ៊ូ បានធ្វើឡើងបន្ទាប់ពីអ្វី ដែលលោកបានពិពណ៌នាថា ជាចលនាប្រឆាំងនឹង អ៊ីស្រាអែលដោយរដ្ឋាភិបាលហូឡង់។
លោកបានបន្ថែមថា ចលនាចុងក្រោយបំផុតរបស់ពួកគេ គឺការអនុម័តច្បាប់ហាមឃាត់ការធ្វើពាណិជ្ជកម្មជាមួយផលិតផលអ៊ីស្រាអែលពីតំបន់ West Bank, East Jerusalem និង Golan Heights ដែលនឹងចូលជាធរមាននៅខែក្រោយ។
តំណាងហូឡង់ត្រូវបានស្នើសុំឲ្យចាកចេញពីអ៊ីស្រាអែលក្នុងរយៈពេលមួយសប្តាហ៍ ហើយសេចក្តីជូនដំណឹងមួយត្រូវបានផ្ញើទៅស្ថានទូតហូឡង់ប្រចាំនៅអ៊ីស្រាអែល និងសហរដ្ឋអាមេរិក។
លោកបានបន្ថែមថា “សាររបស់យើង គឺច្បាស់លាស់ណាស់៖ អ្នកណាដែលធ្វើសកម្មភាពប្រឆាំងនឹងអ៊ីស្រាអែល នឹងមិនមានមូលដ្ឋាននៅក្នុងតំបន់នោះទេ។ អ៊ីស្រាអែល នឹងមិនអនុញ្ញាតឲ្យមានជំហានប្រឆាំងនឹងខ្លួនដោយគ្មានការឆ្លើយតបនោះឡើយ”៕
ប្រែសម្រួល ឈូក បូរ៉ា
