ចាប់ខ្លួនបុរសខ្មែរឥស្លាម្នាក់ រួមទាំងថ្នាំញៀន០៦កញ្ចប់ នៅស្រុកកែវសីមា
មណ្ឌលគិរីៈកម្លាំងនគរបាលជំនាញប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកកែវសីមា សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែខ្ទុម និងកម្លាំងការិយាល័យជំនាញ បានចុះស្រាវជ្រាវ និងបង្ក្រាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្លូវលំ ស្ថិតក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដោយឃាត់ខ្លួនជនសង្ស័យម្នាក់។

ប្រតិបត្តិការនេះ ធ្វើឡើងនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ ក្រោមការចង្អុលបង្ហាញដឹកនាំពីលោកឧត្តមសេនីយ៍ត្រី ជា ចិត្រា ស្នងការនគរបាល ខេត្តមណ្ឌលគិរី និងមានការសម្របសម្រួលនីតិវិធីពីលោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តមណ្ឌលគិរី។
ក្នុងប្រតិបត្តិការខាងលើ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ អ៊ែល សារី ហៅ ជីប ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិចាម សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិសង្គមមានជ័យ ឃុំទួលស្នួល ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម និងបច្ចុប្បន្នរស់នៅភូមិត្រពាំងផ្អេរ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។

ជាមួយនឹងការឃាត់ខ្លួន សមត្ថកិច្ចបានឆែកឆេរ និងដកហូតវត្ថុតាងពាក់ព័ន្ធមួយចំនួន រួមមាន៖ សារធាតុសង្ស័យថាជាសារធាតុញៀន មានសណ្ឋានជាក្រាមពណ៌សថ្លា ចំនួន ៦កញ្ចប់ ម៉ូតូម៉ាក អិចស៊ីទ័រ ពណ៌ខ្មៅលាយប្រផេះ គ្មានស្លាកលេខ ចំនួន១គ្រឿង និងទូរស័ព្ទដៃម៉ាក Honor ពណ៌ទឹកសមុទ្រ ចំនួន១គ្រឿង។
បន្ទាប់ពីឃាត់ខ្លួននៅថ្ងៃទី២៦សីហា សមត្ថកិច្ចជំនាញប្រឆាំងគ្រឿងញៀនស្រុក និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែខ្ទុម បានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យ ព្រមទាំងវត្ថុតាង ទៅការិយាល័យប្រឆាំងគ្រឿងញៀន ដើម្បីបន្តនីតិវិធីតាមច្បាប់៕ ដោយៈចាន់បុត្រ|មណ្ឌលគិរី|ដើមអម្ពិល
