ព័ត៌មានជាតិ

រដ្ឋមន្រ្តីទេសចរណ៍កម្ពុជា ឡាវ វៀតណាម ឯកភាពជំរុញកិច្ចសហការទេសចរណ៍រួមគ្នា ក្នុងជំនួបការងារត្រីភាគី ជាប្រវត្តិសាស្ត្រលើកដំបូង

ភ្នំពេញ៖ កិច្ចប្រជុំរដ្ឋមន្រ្តីទេសចរណ៍កម្ពុជា ឡាវ និងវៀតណាម (CLV) ជាប្រវត្តិសាស្ត្រលើកដំបូង ត្រូវបានប្រព្រឹត្តិទៅក្រោមទស្សនវិស័យ អនុវត្តជាក់ស្តែងរួមគ្នា និងផ្តល់លទ្ធផលជាផ្លែផ្ការួមគ្នា ជាឧត្តមប្រយោជន៍របស់ជាតិ និងប្រជាជន​ នៃប្រទេសទាំងបី ក្រោមចក្ខុវិស័យ «ដំណើរកម្សាន្តម្តង បីគោលដៅ» ។

លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់​ ក្រសួងទេសចរណ៍ ចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីទេសចរណ៍កម្ពុជា ឡាវ និងវៀតណាម (CLV) ជាលើកដំបូងជាប្រវត្តិសាស្រ្ត ដោយមានការចូលរួម ពីលោកស្រី Lam Thi Phuong Thanh រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម និងលោកស្រី Suanesavanh Vignaket តំណាងរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍ឡាវ នៅទីក្រុងហូជីមិញ សាធារណរដ្ឋសង្គមនិយមវៀតណាម។

កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី១ នេះ គឺជាកិច្ចប្រជុំជាប្រវត្តិសាស្ត្រ​ របស់រដ្ឋមន្ត្រីទទួលបន្ទុកវិស័យទេសចរណ៍ នៃប្រទេសទាំងបី (កម្ពុជា ឡាវ និងវៀតណាម) ស្របតាមស្មារតី កិច្ចសហប្រតិបត្តិការដ៏យូរអង្វែង រវាងប្រទេសទាំងបី គំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ របស់សម្តេចធិបតី ដែលបានទទួលការគាំទ្រ ពីប្រមុខរដ្ឋាភិបាល នៃប្រទេសជាមិត្តទាំងពីរ ព្រមទាំងជាការអនុវត្តការឯកភាព ដែលសម្រេចបានក្នុងជំនួបការងារត្រីភាគី លើកទី១ នាឱកាសវេទិកាទេសចរណ៍ អាស៊ាន ឆ្នាំ២០២៦ ដែលភាគីទាំងបី បានឯកភាព​តម្លើងកម្រិត កិច្ចសហប្រតិបត្តិការទេសចរណ៍ CLV ពីថ្នាក់មន្ត្រីជំនាញមកថ្នាក់រដ្ឋមន្ត្រី។

នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងបី បានឯកភាពបង្កើតជាផ្លូវការនូវ យន្តការកិច្ចសហប្រតិបត្តិការទេសចរណ៍ ថ្នាក់រដ្ឋមន្ត្រីកម្ពុជា-ឡាវ-វៀតណាម (CLV) ដើម្បីជំរុញ និងសម្របសម្រួល កិច្ចសហប្រតិបត្តិការទេសចរណ៍ត្រីភាគី ឱ្យកាន់តែមានប្រសិទ្ធភាព។ ទន្ទឹមនឹងនេះ ភាគីទាំងបី ក៏បានអនុម័តផែនការសកម្មភាពរួម ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ CLV ឆ្នាំ២០២៦-២០២៨ ដោយកំណត់វិស័យអាទិភាពចំនួន៦ រួមមាន ការអភិវឌ្ឍ និងការតភ្ជាប់ផលិតផលទេសចរណ៍រួម ការសម្រួលការធ្វើដំណើរ និងការតភ្ជាប់ការដឹកជញ្ជូន រវាងប្រទេសទាំងបី ការផ្សព្វផ្សាយ និងកសាងម៉ាកយីហោរួម ក្រោមចក្ខុវិស័យ «ដំណើរកម្សាន្តម្តង បីគោលដៅ» ការកសាងសមត្ថភាពមន្ត្រីទេសចរណ៍ ការអភិវឌ្ឍទេសចរណ៍ ប្រកបដោយចីរភាព និងការពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយដៃគូអន្តរជាតិ ។ 

តាមរយៈកិច្ចប្រជុំអន្តរជាតិ ប្រកបដោយផ្លែផ្កានេះ ភាគីទាំងបី បានឯកភាពបន្តជំរុញការអនុវត្តចក្ខុវិស័យ «ដំណើរកម្សាន្តម្តង បីគោលដៅ» តាមរយៈការរៀបចំកញ្ចប់ទេសចរណ៍រួម «ដំណើរកម្សាន្តម្តង បីគោលដៅ» ការជំរុញការតភ្ជាប់ ការធ្វើដំណើរ និងការដឹកជញ្ជូនរវាងប្រទេសទាំងបី ក៏ដូចជាការផ្សព្វផ្សាយរួម នូវគោលដៅទេសចរណ៍ CLV ដើម្បីបង្កើនលំហូរភ្ញៀវទេសចរ ពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ ពាណិជ្ជកម្ម និងការវិនិយោគ និងនាំមកនូវផលប្រយោជន៍ជាក់ស្តែងរួម សម្រាប់ប្រទេស និងប្រជាជននៃប្រទេសទាំងបី៕

To Top