រដ្ឋមន្រ្តីក្រសួងវប្បធម៌ ៖ ភាពយន្ត គឺជាស្ពានតភ្ជាប់ទំនាក់ទំនង នៃប្រជាជាតិមួយទៅកាន់ពិភពលោក
ភ្នំពេញ ៖ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រី ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានឱ្យដឹងថា ភាពយន្ត គឺជាសិល្បៈសកលមួយ អាចស្វែងយល់ពីគ្រប់សម័យកាល និងគ្រប់ទីកន្លែង ហើយក៏ជាស្ពានតភ្ជាប់ទំនាក់ទំនង នៃប្រជាជាតិមួយទៅកាន់ពិភពលោក។

ក្នុងពិធីប្រគល់ពានរង្វាន់ «មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤» នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទចតុម្មុខ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា បានថ្លែងថា ក្រោយចាប់បដិសន្ធិ នាឆ្នាំ២០២២មក មហោស្រពភាពយន្តកម្ពុជាអាស៊ី បានក្លាយជាវេទិកាមួយដ៏មានសារសំខាន់ក្នុងការប្រមូលផ្តុំ និងផ្សព្វផ្សាយស្នាដៃភាពយន្តចម្រុះពីបណ្តាប្រទេសក្នុងតំបន់អាស៊ី និងជាកន្លែងជួបជុំរបស់អ្នកនិពន្ធ អ្នកដឹកនាំរឿង ផលិតករ សិល្បករ សិល្បការិនី អ្នកជំនាញ និងអ្នកប្រកបអាជីពក្នុងវិស័យភាពយន្ត ដើម្បីធ្វើការផ្លាស់ប្តូរទស្សនៈទានថ្មីៗ ការបង្កើតបណ្តាញទំនាក់ទំនង ការស្វែងរកឱកាសក្នុងកិច្ចសហការផលិតភាពយន្តជាដើម។

លោកស្រី រដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា «ភាពយន្ត គឺជាសិល្បៈសកលមួយ ដែលអាចឱ្យយើងស្វែងយល់ពីគ្រប់សម័យកាល និងគ្រប់ទីកន្លែង ហើយក៏ជាស្ពានតភ្ជាប់ទំនាក់ទំនងនៃប្រជាជាតិមួយទៅកាន់ពិភពលោក។ ជាពិសេសក្នុងបរិបទនៃការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា និងប្រព័ន្ធផ្សព្វផ្សាយភាពយន្តកំពុងក្លាយជាឧបករណ៍ដ៏មានប្រសិទ្ធភាពសម្រាប់ការផ្សព្វផ្សាយគោលដៅទេសចរណ៍ បង្កើនភាពទាក់ទាញ និងជំរុញការធ្វើដំណើររបស់ភ្ញៀវទេសចរផងដែរ»។
លោកស្រី រដ្ឋមន្ដ្រី បន្ដថា ដោយពិនិត្យឃើញពីសារសំខាន់នេះ រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតក្រុមការងារអន្តរក្រសួង ដើម្បីសម្របសម្រួល និងគាំទ្រវិស័យទេសចរណ៍ភាពយន្តនៅកម្ពុជា ដោយបានចាត់ទុកទេសចរណ៍ភាពយន្ត ជាទម្រង់ទេសចរណ៍បែបច្នៃប្រតិដ្ឋថ្មីមួយ ដែលកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចសកល។

នាឱកាសនោះ លោកស្រី HOLLY HONG នាយិកានៃគណៈកម្មការរៀបចំមហោស្រពភាពយន្តកម្ពុជា-អាស៊ី លើកទី៤ បានថ្លែងថា ភាពយន្តជាភាសាសកលដែលផ្សារភ្ជាប់វប្បធម៌ និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេសក្នុងតំបន់អាស៊ី។ ក្នុងឆ្នាំនេះ មានស្នាដៃភាពយន្តជាង ៧,០០០ ស្នាដៃ មកពីបណ្តាប្រទេស និងតំបន់ផ្សេងៗគ្នាក្នុងទ្វីបអាស៊ី បានផ្ញើមកចូលរួមប្រកួតប្រជែង នៅក្នុងមហោស្រពភាពយន្ត កម្ពុជាអាស៊ីលើកទី៤ នេះ។

គួរបញ្ជាក់ថា មហោស្រពភាពយន្តកម្ពុជាអាស៊ី ក៏បានរៀបចំនូវកិច្ចពិភាក្សាស៊ីជម្រៅក្នុងការអភិវឌ្ឍឧស្សាហកម្មភាពយន្ត ដែលជាកម្មវិធីដ៏មានសារសំខាន់ក្នុងការចែករំលែកចំណេះដឹង បទពិសោធន៍ និងយុទ្ធសាស្ត្រ តាមរយៈការពិភាក្សាអំពីបញ្ហាប្រឈម និងឱកាសនានា ព្រមទាំងស្វែងរកយន្តការថ្មីៗ ដើម្បីកសាងប្រព័ន្ធអេកូឡូស៊ីមួយដែលជួយជំរុញឱ្យឧស្សាហកម្មភាពយន្តក្លាយជាប្រភពនៃកំណើនសេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន និងចីរភាព ដោយរក្សាបាននូវអត្តសញ្ញាណរបស់ជាតិ៕


