តម្លៃប្រេងធ្លាក់ចុះជាង ១ ដុល្លារ ដោយសារការរំពឹងទុកថា ការចរចារវាងអ៊ីរ៉ង់ និងកាតា អាចបើកច្រកសមុទ្រហ័រមូស
បរទេស៖ តម្លៃប្រេងបានធ្លាក់ចុះជាង ១ ដុល្លារនៅថ្ងៃព្រហស្បតិ៍ ដែលបន្តការចុះថ្លៃជាបន្តបន្ទាប់ ដោយសារការរំពឹងទុកថា ការចរចារវាងអ៊ីរ៉ង់ និងកាតា អាចបើកច្រកសមុទ្រហ័រមូស និងកាត់បន្ថយការរំខានដល់ការផ្គត់ផ្គង់ពីសង្គ្រាមមជ្ឈិមបូព៌ា។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ថា ប្រេងឆៅ Brent បានធ្លាក់ចុះ ១,៣៦ ដុល្លារ ឬ ១,៥៥% មកនៅត្រឹម ៨៦,៤៨ ដុល្លារក្នុងមួយបារ៉ែល ដែលជាការធ្លាក់ចុះជាលើកទីបួនជាប់ៗគ្នា។ ប្រេងឆៅ West Texas Intermediate បានធ្លាក់ចុះ ១,៤០ ដុល្លារ ឬ ១,៧% មកនៅត្រឹម ៨០,៨៣ ដុល្លារ ដែលជាការធ្លាក់ចុះជាលើកទីប្រាំជាប់ៗគ្នា។
លោក Tim Waterer ប្រធានអ្នកវិភាគទីផ្សារ KCM បាននិយាយថា “ប្រេងបានធ្លាក់ចុះម្តងទៀតនៅថ្ងៃនេះ ដោយសារតម្លៃទីផ្សារមានការរំពឹងទុកកើនឡើងថា កិច្ចព្រមព្រៀងមួយអាចកើតឡើង ដែលនឹងបង្កើនចំនួនដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រហ័រមូស”។
លោកថា “ប្រសិនបើច្រកសមុទ្រហ័រមូស បើកដំណើរការឡើងវិញពេញលេញ ការធ្លាក់ចុះបន្ថែមទៀតនៃប្រេងឆៅ គឺអាចធ្វើទៅបាន ប៉ុន្តែទីផ្សារទំនងជាមិនកំណត់តម្លៃ ឱ្យត្រឡប់ទៅកម្រិតមុនជម្លោះវិញទាំងស្រុងនោះទេ”។
សូមជម្រាបថា នាយករដ្ឋមន្ត្រីកាតា គឺនឹងធ្វើដំណើរទៅកាន់ប្រទេសអ៊ីរ៉ង់នៅថ្ងៃព្រហស្បតិ៍ ដើម្បីចាប់ផ្តើមកិច្ចចរចាការទូតឡើងវិញ ដើម្បីបញ្ចប់ជម្លោះ ដែលមានអាយុជិតប្រាំមួយខែមកហើយ។
ប្រែសម្រួលៈ ណៃ តុលា
