លោក ប៉ែន បូណា ណែនាំដល់អង្គភាព ស្ថាប័នមួយចំនួន ត្រូវបញ្ចេញព័ត៌មានថ្មី ប្លែក ពាក់ព័ន្ធការផ្តល់ ផលប្រយោជន៍ពលរដ្ឋ បន្ទាប់ពីកិច្ចប្រជុំ កុំបញ្ចេញតែព័ត៌មានពិធីការ
ភ្នំពេញ៖លោក ប៉ែន បូណា បានគូសបញ្ជាក់ថា អង្គភាព និងស្ថាប័នរដ្ឋមួយចំនួន បញ្ចេញព័ត៌មានមកភាគច្រើន ជាព័ត៌មានប្រជុំ និងព័ត៌មានពិធីការ ខណៈណែនាំឱ្យបញ្ចេញ ជាមួយព័ត៌មានដែលថ្មី អ្វីដែលប្លែក និងមានអ្វីដែលជាការផ្តល់ផលប្រយោជន៍ ដល់ប្រជាពលរដ្ឋ។

ការលើកឡើងរបស់លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ខាងលើនេះ ធ្វើឡើងក្នុង ឱកាសអញ្ជើញជាវាគ្មិន ក្នុងវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី “ការពង្រឹងប្រសិទ្ធភាព ការងារព័ត៌មាន និងនាំពាក្យ” កាលពីរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦នៅសាលារាជធានីភ្នំពេញ ។

លោក ប៉ែន បូណា បានមានប្រសាសន៍ថា អ្វីដែលអង្គភាព ស្ថាប័នរដ្ឋមួយចំនួន បញ្ចេញព័ត៌មានមកភាគច្រើន ជាព័ត៌មានប្រជុំ និងព័ត៌មានពិធីការ ដោយបង្ហាញតែឈ្មោះដឹកនាំស្ថាប័ន ថ្នាក់ដឹកនាំរដ្ឋ ព័ត៌មានបែបនេះ មហាជន គាត់ស្គាល់និងបានដឹង និងស្គាល់ហើយគាត់មិនចង់មើលទៀតទេ។ អ្វីជាព័ត៌មាន ដែលយើងត្រូវបញ្ចេញនោះ គឺក្នុងកិច្ចប្រជុំនោះ មានអ្វីដែលថ្មី អ្វីដែលប្លែក មានអ្វីដែលជាការផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋ។

ដោយឡែកលោក ប៉ែន បូណា ក៏កត់សម្គាល់ដែរថា រឿងល្អៗ មិនទទួលបានការចាប់អារម្មណ៍ប៉ុន្មានទេ ប៉ុន្តែសម្រាប់រឿងអាក្រក់វិញ ងាយនឹងទទួលបានការចាប់អារម្មណ៍ណាស់ ដូចបក្សប្រឆាំងអញ្ចឹងដែរ ពួកគេតែងតែយករឿងអាក្រក់ រឿងអសកម្មរបស់យើងទៅផ្សព្វផ្សាយ ទាំងពួកគេមិនបានធ្វើអ្វីសោះ ក៏ទទួលបានផលដែរ។ ដូច្នេះយើងត្រូវរួមគ្នាធ្វើការងារនេះ ឱ្យលើសពួកគេ១០០ដង ទាំងប្រតិកម្មរហ័ស ការបំភ្លឺ និងបុរេសកម្ម។ អ្វីដែលជាភាពជាក់ស្តែងកាលពីមុន ប្រជាពលរដ្ឋខ្មែរ ដែលរស់នៅឯនាយសមុទ្រជាច្រើន បានជឿតាមព័ត៌មានភូតកុហក របស់ក្រុមប្រឆាំងជ្រុលនិយម និងប្រព័ន្ធឃោសនាក្រៅស្រុកមួយចំនួន ដែលផ្សាយព័ត៌មានបំភ្លៃការពិតពីកម្ពុជា។ ប៉ុន្តែ ក្រោយពេលព័ត៌មានពិតត្រូវបានផ្សព្វផ្សាយព្រោងព្រាត តាមបណ្តាញសារព័ត៌មាននិងបណ្តាញសង្គម ពួកគេបានឃើញច្បាស់ថា កម្ពុជាពិត មិនដូចការឃោសនាភូតកុហកនោះឡើយ ពោលគឺប្រទេសកម្ពុជាមានការរីកចំរើន មានអគារខ្ពស់ៗកប់ពពក មិនចាញ់ប្រទេសអភិវឌ្ឍន៍មួយចំនួនឡើយ។

លោក ប៉ែន បូណា ក្នុងឱកាសនោះ ក៏បានជំរុញលើកទឹកចិត្តឱ្យក្រុមការងារព័ត៌មាន រដ្ឋបាលរាជធានី ខណ្ឌ បន្តផ្សព្វផ្សាយព័ត៌មានពិត ឱ្យបានច្រើនបន្ថែមទៀត ដើម្បីប្រជាពលរដ្ឋខ្មែរ ទាំងក្នុងនិងក្រៅប្រទេសទទួល បានព័ត៌មានគ្រប់ជ្រុងជ្រោយ និងកាន់តែទូលំទូលាយ។
ជាមួយគ្នា ឆាយ វីរៈ អភិបាលរងរាជធានីភ្នំពេញ តំណាងលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា បើសិនមានបញ្ហាអ្វីមួយកើតឡើង ពាក់ព័ន្ឋការងារប្រតិកម្មរហ័សនេះ យើងត្រូវប្រមូលព័ត៌មាន ក្តាប់ព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ ឱ្យបានច្បាស់លាស់សិន ទើបយើងវាយតម្លៃ ហើយយើងក្តាប់បានអស់ហើយ យើងត្រូវសួរមេដឹកនាំយើងសិន ថាតើយើងត្រូវទប់របៀបណា វាយបកតាមផ្លូវណា៕

