ព័ត៌មានអន្តរជាតិ

​ អ៊ីរ៉ង់​ ព្រមានឆ្លើយតបយ៉ាងម៉ឺងម៉ាត់​ ចំពោះទង្វើព្យាបាទណាមួយ របស់សហរដ្ឋអាមេរិក

តេអេរ៉ង់៖​ មន្ត្រីសន្តិសុខជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់បានឧ្យដឹងថា ប្រសិនបើសហរដ្ឋអាមេរិក​ ប្រព្រឹត្តអំពើ «ព្យាបាទ» ណាមួយ អ៊ីរ៉ង់នឹងឆ្លើយតបយ៉ាងម៉ឺងម៉ាត់ដោយកំណត់គោលដៅផលប្រយោជន៍យោធា និងសេដ្ឋកិច្ចរបស់ខ្លួននៅក្នុងតំបន់អាស៊ីខាងលិច ដែលជាការឆ្លើយតបដែល «នឹងត្រូវបានឆ្លាក់ក្នុងប្រវត្តិសាស្ត្រ»។

លោក Mohsen Rezaei លេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់អ៊ីរ៉ង់ បានធ្វើការកត់សម្គាល់នេះក្នុងអំឡុងពេលជួបជាមួយនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេសកាតា Sheikh Mohammed bin Abdulrahman bin Jassim Al Thani នៅក្នុងរដ្ឋធានីអ៊ីរ៉ង់។

លោក Rezaei បានបញ្ជាក់ពីការមិនទុកចិត្តរបស់ទីក្រុងតេអេរ៉ង់​ ចំពោះទីក្រុងវ៉ាស៊ីនតោន ដោយចោទប្រកាន់ទីក្រុងតេអេរ៉ង់ថា​ បានក្បត់ការទូត និងការចរចាម្តងហើយម្តងទៀត។

លោកបានគូសបញ្ជាក់ថា អ៊ីរ៉ង់នឹងបើកច្រកសមុទ្រហ័រមូស ឡើងវិញ លុះត្រាតែទីក្រុងវ៉ាស៊ីនតោនចាត់វិធានការជាក់ស្តែង​ ដើម្បីបំពេញលក្ខខណ្ឌរបស់ទីក្រុងតេអេរ៉ង់។ ចំណែកនាយករដ្ឋមន្ត្រីកាតាវិញ បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ប្រទេសលោក​ ក្នុងការសហការជាមួយអ៊ីរ៉ង់ ដោយលើកឡើងពីការទទួលខុសត្រូវក្នុងតំបន់។

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi បានប្រាប់អ្នកការទូតកំពូលរបស់ប្រទេសកាតាថា ស្ថានភាពបច្ចុប្បន្ននៅក្នុងតំបន់នេះ​ គឺជាផលវិបាកតែមួយគត់នៃ «ការឈ្លានពានផ្នែកយោធា» របស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល​ ប្រឆាំងនឹងអ៊ីរ៉ង់ ក៏ដូចជាការបន្ត «សកម្មភាពអន្តរាគមន៍ និងខុសច្បាប់» របស់ទីក្រុងវ៉ាស៊ីនតោន ជាពិសេសការបិទផ្លូវកងទ័ពជើងទឹក និងភេរវកម្មសេដ្ឋកិច្ចប្រឆាំងនឹងទីក្រុងតេអេរ៉ង់៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top